អ្នកស្លាប់ដោយសារវីរុស COVID-19 នៅចិនដីគោកកើនលើស ២,០០០នាក់ ខណៈអ្នកឆ្លងមានជាង ៧៤,០០០នាក់
អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិនបាននិយាយថា មានមនុស្ស ១៣៦នាក់ បន្ថែមទៀត ដែលបានឆ្លងវីរុស COVID-19 បានស្លាប់កាលពីថ្ងៃអង្គារ ហើយភាគច្រើនគឺនៅខេត្តហ៊ូប៉ី ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសកើនដល់ ២,០០៤នាក់។ អាជ្ញាធរក៏បាននិយាយផងដែរថា មានអ្នកឆ្លងថ្មីចំនួន ១,៧៤៩នាក់ ដែលនាំឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងប្រទេសចិន បញ្ជាក់តាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ ឬការធ្វើរោគវិនិច្ឆ័យគ្លីនិក កើនដល់ជាង ៧៤,០០០នាក់។ ជំុវិញការផ្ទុះឡើងនេះ កាសែត Global Times ក៏បានធ្វើការរិះគន់ប្រទេសចិន ដោយសារថាអាជ្ញាធររបស់ពួកគេមានភាពយឺតយ៉ាវក្នុងការរាយការណ៍ពីស្ថានភាពវីរុស។

កាសែត Global Times បានរាយការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌលចិន សម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ។ ដោយក្រុមស្រាវជ្រាវបានរកឃើញថា មានមនុស្សជាង ៥,០០០នាក់ បានចាប់ផ្តើមបង្ហាញរោគសញ្ញាអំឡុងពេលថ្ងៃទី១០ រហូតដល់ថ្ងៃទី២០ ខែមករា។ ប៉ុន្តែយ៉ាងណាមន្ត្រីនៅខេត្តហ៊ូប៉ីទើបតែឆ្លើយតបឱ្យបានពេញលេញ នៅពេលដែលប្រធានាធិបតី ស៊ី ជីនពីង បានចេញសេចក្តីណែនាំស្តីពីការផ្ទុះឡើងនៅថ្ងៃទី២០ ខែមករា ប៉ុណ្ណោះ។ ពោលគឺមានអ្នកសង្ស័យថាបានឆ្លងវីរុសជាច្រើននាក់បានចេញរោគសញ្ញា ប៉ុន្តែពួកគេមិនបានរាយការណ៍ការផ្ទុះឡើងនេះនោះទេ។ កាសែត Global Times និយាយថា អាជ្ញាធរមានសកម្មភាពយឺតយ៉ាវ ទោះបីជាមានវិបត្តិក្នុងចំនោមបុគ្គលិកពេទ្យនៅពេលមានចំនួនអ្នកជំងឺកើនឡើងក៏ដោយ៕



អត្ថបទ៖ លីដា