ទារិកាអាយុ ៣ខែ ដែលវៀតណាមរកឃើញថាឆ្លង COVID-19 ពេលនេះតេស្ដអវិជ្ជមានជាមួយវីរុស ហើយសុខភាពក៏ល្អឡើងវិញដែរ
បន្ទាប់ពីទទួលបានការព្យាបាល ក្មេងស្រីអាយុ ៣ខែ មកពីខេត្ត Vinh Phuc ដែលជាអ្នកជំងឺ COVID-19 វ័យក្មេងបំផុតរបស់វៀតណាម ត្រូវបានគេធ្វើតេស្តជាថ្មីឃើញថាអវិជ្ជមានជាមួយវីរុសជាលើកដំបូងបំផុត។ លោកសាស្ត្រាចារ្យ Luong Ngoc Khue ប្រធានផ្នែកពិនិត្យ និងគ្រប់គ្រងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា សុខភាពទារិកាបច្ចុប្បន្នមានសុខភាពល្អ។ ក្មេងស្រីតូចដឹងខ្លួនឡើងដោយមិនមានគ្រុនក្តៅ និងក្អកតិចតួច។ នាងតូចមិនមានហៀរសំបោរ និងពិបាកដកដង្ហើមដូចមុនទេ។ សុខភាពរបស់នាងតូចហាក់ដូចជាមានសភាពល្អដូចដើមវិញហើយ។

លោកសាស្ត្រាចារ្យបាននិយាយថា៖“ប្រសិនបើលទ្ធផលតេស្តបន្ទាប់ក៏ត្រឡប់ជាអវិជ្ជមានវិញ ទារកអាចត្រូវបានគេពិចារណាឱ្យចេញពីមន្ទីរពេទ្យ”។ រំលឹកដែរថា ទារិការងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិវៀតណាមនៅថ្ងៃទី១២ ខែកុម្ភះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ។ នាងបានឆ្លងជំងឺនេះពីជីដូនរបស់នាង ដែលជីដូនបានឆ្លងតគ្នាពីបងប្អូនជីដូនមួយរបស់នាងឈ្មោះ Nguyen Thi Du អាយុ ២៣ឆ្នាំ ជាកម្មករម្នាក់ក្នុងចំណោមកម្មករ ៨នាក់ ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងវូហានកាលពីខែវិច្ឆិកា និងបានវិលត្រឡប់មកវៀតណាមវិញនៅថ្ងៃទី១៧ ខែមករា។
នាថ្ងៃទី២៨ មករា ទារិកាត្រូវបានគេនាំទៅលេងផ្ទះជីដូន នៅស្រុក Binh Xuyen នៃខេត្ត Vinh Phuc ។ នៅថ្ងៃទី០៦ ខែកុម្ភះ កុមារមានអាការៈក្អកតែមិនក្តៅខ្លួនទេ។ ការធ្វើតេស្តជាបន្តបន្ទាប់បង្ហាញថា នាងបានឆ្លងវីរុសនេះ ទោះបីជាម្តាយរបស់នាងបានធ្វើតេស្តអវិជ្ជមានក៏ដោយ។ ក្រោយមកទៀតនាងតូចក៏ត្រូវបានគេនាំមកព្យាបាលនៅឯមន្ទីរពេទ្យកុមារជាតិវៀតណាម៕


អត្ថបទ៖ លីដា