ទីក្រុងហុងកុងប្រកាសពីករណីស្លាប់ទី២ នៃអ្នកឆ្លងវីរុស COVID-19 នៅក្នុងដែនដីរបស់ខ្លួន
ទីក្រុងហុងកុងនៅថ្ងៃពុធ ទី១៩ ខែកុម្ភៈនេះ បានកត់ត្រានូវករណីស្លាប់ថ្មី១ទៀត ដោយសារវីរុសកូរ៉ូណា COVID-19 ។ អ្នកនាំពាក្យម្នាក់មកពីមន្ទីរពេទ្យ Princess Margaret បាននិយាយថា អ្នកស្លាប់គឺជាបុរសអាយុ ៧០ឆ្នាំ ដែលជាអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកឆ្លង COVID-19 បានបញ្ជាក់ទាំង ៦២ករណី។ អ្នកនាំពាក្យបានបន្ថែមទៀតថា ស្ថានភាពរបស់បុរសវ័យចំណាស់នេះបានចុះខ្សោយខ្លាំង មុនពេលគាត់ស្លាប់នៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃពុធនេះ។

មន្ត្រីហុងកុងបាននិយាយថា បុរសនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីធ្លាក់ខ្លួនឈឺនៅផ្ទះ។ គាត់មានអាការគ្រុនក្តៅ ហើយបានធ្វើតេស្តវិជ្ជមានចំពោះវីរុស ហើយមួយសប្តាហ៍ក្រោយមកគាត់ក៏បានស្លាប់។ នេះជាករណីស្លាប់ទី២ របស់ហុងកុង ខណៈវាជាករណីទី៦ នៃអ្នកឆ្លងវីរុសនៅក្រៅចិនដីគោក។ រំលឹកដែរថា អ្នកស្លាប់ដោយសារកូរ៉ូណានៅចិនដីគោកពេលនេះកើនដល់ ២,០០០នាក់ ខណៈឆ្លងជាង ៧៤,០០០នាក់៕


អត្ថបទ៖ លីដា