អន្តរជាតិ

ប៉ូលិសអេស្ប៉ាញបង្ក្រាបទីតាំងផលិតបារីខុសច្បាប់ទ្រង់ទ្រាញធំមួយលាក់ខ្លួននៅក្រោមដី

BY
autoadmin
February 22, 2020

អេស្ប៉ាញ៖ ប៉ូលិសអេស្ប៉ាញកាលពីពេលថ្មីៗនេះបានបង្ក្រាបទីតាំងផលិតបារីខុសច្បាប់ទ្រង់ទ្រាយធំមួយ ដែលជនខិលខូចបានលួចលាក់បង្កើតរោងចក្រផលិតបារីនៅក្រោមដី។ កន្លែងផលិតបារីខុសច្បាប់នេះមានទីតាំងស្ថិតនៅក្នុងតំបន់ Monda ក្រុង Malaga ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ មានសមត្ថភាពផលិតបារីបានចំនួន ១៣ ៥០០ ដើមក្នុងមួយម៉ោង ខណៈរោងចក្រគឺស្ថិតនៅក្រោមដីដែលមានជម្រៅប្រមាណជា ៤ ម៉ែត្រ ហើយទីតាំងមួយនេះបើគេមើលពីក្រៅទៅគឺដូចជាកសិដ្ឋានមួយអីចឹង។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ប៉ូលិសបានចាប់ខ្លួនកម្មករ ៦ នាក់ ជាជនជាតិអ៊ុយក្រែន និងមេខ្លោងម្នាក់មានឈ្មោះថា Daniel Dobbs អាយុ ៣១ឆ្នាំ ជាជនជាតិអង់គ្លេស។

លោក Daniel Dobbs

បើតាមប៉ូលិសអេស្ប៉ាញបានបញ្ជាក់ថា លោក Daniel Dobbs ក៏ជាមុខសញ្ញាតាមចាប់ខ្លួនរបស់ប៉ូលិសអង់គ្លេសផងដែរ ទើបរូបគាត់មកសម្ងំលាក់ខ្លួនរកស៊ីខុសច្បាប់នៅក្នុងអេស្ប៉ាញ និងមិនហ៊ានត្រលប់ទៅប្រទេសកំណើតវិញ។ តាមការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញទៀតថា លោក Daniel Dobbs គឺជាសមាជិកម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀត ហើយក្រុមជនខិលខូចទាំងនេះមានជាប់ពាក់ព័ន្ធជាមួយករណីខុសច្បាប់ជាច្រើនទៀតដែលអាចរកចំណូលរួមប្រមាណជា ៦៨ ម៉ឺនដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍៕

អត្ថបទ៖ ភក្តី

Share This Post: