អន្តរជាតិ

អ្នកស្លាប់ដោយសារ COVID-19 នៅចិនដីគោកកើនដល់ ២,៣០០នាក់ ខណៈឆ្លងកើនដល់ ៧៦,០០០នាក់

BY
autoadmin
February 22, 2020

អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិន បានរាយការណ៍អំពីអ្នកស្លាប់ចុងក្រោយចំនួន ១០៩នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបលើសពី ២,៣០០នាក់ ខណៈចំនួននៃការឆ្លងឥឡូវនេះលើសពី ៧៦,០០០នាក់។ ទាំងចំនួនអ្នកឆ្លងនិងស្លាប់ ភាគច្រើននៅខេត្តហ៊ូប៉ី ដែលជាកន្លែងដែលមានការផ្ទុះឡើងនៃវីរុស។ មន្ត្រីចិននិយាយថា វីរុសឥឡូវនេះកំពុងរាលដាលដល់ក្នុងគុកជាច្រើននៅខេត្តហ៊ូប៉ី ហ្សេជាំង និងខេត្តសានដុងផងដែរ។ ពួកគេនិយាយថា អ្នកទោសនិងឆ្មាំជាង ៥០០នាក់ បានឆ្លងជំងឺនេះ។

រហូតដល់ពេលនេះ WHO និយាយថា មិនមានការព្យាបាលព្យាបាលជាក់លាក់សម្រាប់វីរុសនៅឡើយ ប៉ុន្តែពួកគេកំពុងធ្វើតេស្ដលើថ្នាំចំនួន ២ ដែលក្នុងនោះមាន ១ គឺជាថ្នាំសម្រាប់ជំងឺអេដស៍។ ពួកគេរំពឹងទុកថា លទ្ធផលនឹងចេញក្នុងរយៈពេលបីសប្តាហ៍ទៀត។ ចំណែកនៅប្រទេសកូរ៉េខាងត្បូងវិញមានការកើនឡើងអ្នកឆ្លងវីរុសយ៉ាងគួរឱ្យកត់សម្គាល់ ដោយតម្រូវឱ្យអាជ្ញាធរកំណត់យកភាគខាងត្បូងនៃទីក្រុង Daegu ជា «តំបន់ថែទាំពិសេស»។ ចំនួនករណីសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង ឥឡូវនេះលើសពី ៣៤០នាក់។

ក្រុមមន្រ្តីនិយាយថា ជាងពាក់កណ្តាលនៃអ្នកជំងឺត្រូវបានបញ្ជាក់នៅ Daegu ។ ពួកគេភាគច្រើនត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងព្រះវិហារតែមួយ ជាមួយស្ត្រីម្នាក់ដែលបានឆ្លងវីរុស ប៉ុន្តែលាក់អាការរបស់ខ្លួន។ ចំណែកអ៊ីតាលីវិញក៏កំពុងរាយការណ៍ពីការស្លាប់ដំបូងនៅទីនោះ ដោយបុរសអាយុ ៧៨ឆ្នាំម្នាក់ នៅតំបន់ភាគខាងជើងនៃប្រទេសបានស្លាប់ ហើយគាត់គ្មានកំណត់ត្រាធ្វើដំណើរទៅប្រទេសចិននោះទេ៕

អត្ថបទ៖ លីដា

Share This Post: