ជប៉ុនប្រកាសពីករណីស្លាប់ទី៣ របស់អ្នកដំណើរលើនាវា Diamond Princess ប៉ុន្តែមិនច្បាស់ថាដោយសារ COVID-19 ឬយ៉ាងណា
យោងតាមក្រសួងសុខាភិបាលជប៉ុនបានឱ្យដឹងថា អ្នកដំណើរទី៣ របស់នាវាយក្ស Diamond Princess បានស្លាប់ បន្ទាប់ពីត្រូវបានធ្វើចត្តាឡីស័កលើនាវា ដែលចតនៅយូកូហាម៉ាប្រទេសជប៉ុន។ ក្រសួងបានិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា អ្នកដំណើរម្នាក់នោះជាជនជាតិជប៉ុន អាយុ ៨០ឆ្នាំ បានស្លាប់ដោយសារជំងឺរលាកសួត។ ប៉ុន្តែយ៉ាងណាគេមិនបានបញ្ជាក់ថា អ្នកដំណើរនោះមានផ្ទុកវីរុស COVID ទេ ប៉ុន្តែគ្រាន់តែដឹងថាត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីនាវាទេសចរណ៍បានឈប់ចតនៅជប៉ុន។

រំលឹកដែរថារោគសញ្ញានៃវីរុសរួមមាន៖ គ្រុនក្តៅ ក្អក ដង្ហើមខ្លី និងពិបាកដកដង្ហើម ហើយប្រសិនបើវីរុសកាន់តែធ្ងន់ធ្ងរវាអាចវិវត្តទៅជាជំងឺរលាកសួត ខ្សោយតំរងនោម រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ឬឈានដល់ការស្លាប់។ អ្នកដំណើរចំនួន ២នាក់ទៀត របស់ Diamond Princess ផ្សេងទៀតបានស្លាប់មុននេះ គឺជាបុរសម្នាក់ និងស្ត្រីម្នាក់ ដែលអ្នកទាំង ២ ជាជនជាតិជប៉ុន មានអាយុខ្ទង់ ៨០ឆ្នាំ។ មន្ត្រីក្រសួងសុខាភិបាលលោក Masami Sakoi បាននិយាយថា អ្នកដំណើរ ២នាក់នោះ ដំបូងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១១ និង ទី១២ ខែកុម្ភះ ហើយម្នាក់ៗបានធ្វើតេស្តវិជ្ជមាន។ ពួកគេត្រូវបានគេជឿជាក់ថា បានឆ្លងវីរុសមុនពេលដែលនាវាត្រូវស្ថិតក្រោមការធ្វើចត្តាឡីស័កនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០៕










អត្ថបទ៖ លីដា