ចិនកំពុងផលិតម៉ាស់ពិសេស ដែលអាចសម្អាតហើយប្រើប្រាស់ឡើងវិញបានរហូតដល់ ១០ ដង
ចិន៖ ក្រុមហ៊ុនធំៗចំនួន២នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិនគឺក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតម៉ាស់បានសហការផលិតម៉ាស់ជំនាន់ថ្មីមួយ ដែលអាចប្រើប្រាស់បានច្រើនដង និងអាចយកទៅកែច្នៃសម្រាប់ផលិតឡើងវិញបានផងដែរ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថា ម៉ាស់ជំនាន់ថ្មីនេះគឺជាប្រភេទម៉ាស់ KN95 មានលក្ខណៈពិសេសខុសពីម៉ាស់ធម្មតាជាច្រើនចំណុចដូចជា មិនជ្រាបទឹក មានសមត្ថភាពការពារមេរោគខ្ពស់ជាងម៉ាស់ធម្មតា ហើយអ្វីដែលពិសេសនោះគឺគេអាចយកវាទៅសម្អាតដើម្បីប្រើប្រាស់ឡើងវិញបានរហូតដល់ ១០ ដងឯនោះ ខណៈម៉ាស់ធម្មតាគេប្រើតែម្តងគឺបោះចោលហើយ។
ម៉ាស់ពិសេសនេះនឹងត្រូវបានគេដាក់លក់ក្នុងតម្លៃចន្លោះពី ១៥-២៥ យន់ (២,១៤-៣,៥៦ ដុល្លារអាម៉េរិក)។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះម៉ាស់ជំនាន់ថ្មីនៅមិនទាន់មានវត្តមានក្នុងទីផ្សារនៅឡើយទេ ព្រោះក្រុមហ៊ុនទើបតែផលិតបានក្នុងចំនួនតិចនៅឡើយ។ បើតាមគណៈកម្មាធិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យព័ត៌មានក្រុងសៀងហៃបានអះអាងថា បច្ចុប្បន្ននេះក្រុមហ៊ុនអាចផលិតម៉ាស់ជំនាន់ថ្មីបានត្រឹមតែចំនួន ១០០ ០០០ ម៉ាស់ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយក្រុមហ៊ុននឹងព្យាយាមបន្ថែមបរិមាណផលិតឲ្យឡើងដល់ ៣០០ ០០០ ម៉ាស់ក្នុងមួយថ្ងៃ ហើយម៉ាស់ជំនាន់ថ្មីនេះនឹងមានវត្តមានក្នុងទីផ្សារក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ៕

អត្ថបទ៖ ភក្តី