កូរ៉េខាងត្បូងចាប់ផ្តើមរឹតត្បិតការនាំចេញម៉ាស់ ខណៈដែលប្រទេសនេះកំពុងមានករណីវីរុស COVID-19 ផ្ទុះឡើងខ្លាំងបំផុត
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចាប់ផ្តើមរឹតត្បិតលើការនាំចេញម៉ាស់ ដោយសារតែតម្រូវការផលិតផលអនាម័យកំពុងកើនឡើងខ្ពស់នៅទីនេះ ចំពេលមានការរីករាលដាលនៃវីរុស COVID-19 ។ យោងតាមក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ បានឱ្យដឹងថា ក្រោមវិធានការណ៍ដែលមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី៣០ ខែមេសា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងកំណត់ការនាំចេញម៉ាស់ ដល់អតិបរមា ១០% នៃផលិតផលសរុបនៅទីនេះ។ កូរ៉េខាងត្បូងអាចផលិតម៉ាស់បាន ១១លាន ក្នុងមួយថ្ងៃ ប៉ុន្តែវាកំពុងពន្លឿនការផលិត ដោយសារថាតម្រូវការកាន់តែកើនឡើងនៅក្រៅប្រទេស។

សូម្បីតែតម្រូវការក្នុងស្រុកក៏មានការខ្វះខាតដែរ ដោយប្រជាជនកូរ៉េខាងត្បូងបានចាប់ផ្ដើមឈរចាំនៅតាមផ្សារទំនើបក្នុងស្រុក ដើម្បីរកទិញម៉ាស់ការពារដែលត្រូវបានលក់អស់យ៉ាងឆាប់រហ័ស។ អ្នកលក់តាមអ៊ិនធឺណេតមួយចំនួនបានដំឡើងថ្លៃយ៉ាងខ្លាំង ហើយបានលុបចោលការបញ្ជាទិញចាស់ៗជាឯកតោភាគីទៀតផង។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនករណីដែលបានបញ្ជាក់ COVID-19 បានកើនឡើងដល់ ១,១៤៦នាក់៕



អត្ថបទ៖ លីដា