ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ២០២០ នៅជប៉ុនទំនងជាត្រូវលុបចោលវិញ ព្រោះតែវីរុស COVID-19
ជប៉ុន៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅប្រចាំឆ្នាំ ២០២០ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនទំនងនឹងត្រូវលុបចោលវិញ ព្រោះតែភាពភ័យខ្លាចនៃការចម្លងមេរោគ COVID-19។ បើតាមលោក Dick Pound ដែលជាអតីតម្ចាស់ជើងឯកកីឡាហែលទឹក និងជាសមាជិកជាន់ខ្ពស់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានពន្យល់ថា គិតមកទល់នឹងពេលនេះគេមានពេល ៣ ខែទៀតក្នុងសម្រេចចិត្តថា តើគេគួរលុបចោល ពន្យារពេល ឬបន្តរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ។
យ៉ាងណាក្តី លោក Dick Pound បានសង្កត់ធ្ងន់ថា ក្នុងចំណោមជម្រើសទាំង ៣ នេះគឺជម្រើសលុបចោលកម្មវិធីទាំងស្រុងតែម្តងមានភាគរយខ្ពស់ជាងគេ ដ្បិតមេរោគ COVID-19 កំពុងតែគំរាមគំហែងពិភពលោកយ៉ាងខ្លាំង ហើយគេនៅមិនទាន់រកឃើញវ៉ាក់សាំង ឬវិធីប្រឆាំងនឹងមេរោគនៅឡើយទេ។ បើតាមគម្រោងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ២៤ ខែកក្កដា រហូតដល់ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងមេរោគ COVID-19 នៅក្នុងពិភពលោកមានចំនួន ៨០ ៩៩៧ ករណី និងមានអ្នកស្លាប់ចំនួន ២ ៧៦៤ ករណី ក្នុងនោះប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡានោះមានចំនួនអ្នកឆ្លង ១៦១ ករណី និងស្លាប់ ១ ករណីផងដែរ៕

អត្ថបទ៖ ភក្តី