អ្នកឆ្លងវីរុស COVID-19 នៅវៀតណាមទាំង ១៦ករណី ពេលនេះបានជាសះស្បើយអស់ហើយ
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឆ្លងវីរុស COVID-19 ចុងក្រោយរបស់វៀតណាម ដែលជាបុរសអាយុ ៥០ឆ្នាំ និងបានឆ្លងវីរុសពីកូនស្រី ដែលទើបវិលត្រឡប់មកពីទីក្រុងវូហាន ពេលនេះគឺបានជាសះស្បើយនិងស្ថិតក្នុងស្ថានភាពល្អ។ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារបាននិយាយថា អ្នកឆ្លងវីរុសទាំង ១៦នាក់ នៅក្នុងប្រទេសវៀតណាម បានជាសះស្បើយអស់ហើយ និងមិនមានករណីថ្មីណាមួយត្រូវបានរកឃើញនោះទេចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ។

ទីភ្នាក់ងារថ្នាំបង្ការបាននិយាយថា ប្រទេសវៀតណាមនឹងមានមន្ទីរពិសោធន៍យ៉ាងតិច ៣០ ដែលនឹងធ្វើតេស្ដលើវីរុស COVID-19 នេះ។ លោក Nguyen Thanh Long និយាយថា៖ «ប្រទេសវៀតណាមមានសមត្ថភាពពេញលេញក្នុងការតាមដាន និងដោះស្រាយជាមួយនឹងការរីករាលដាលនៃវីរុសនេះ។ ការធ្វើតេស្តរបស់យើងគឺមានភាពសុក្រឹតដូចប្រទេសដទៃដែរ»។ ពេលនេះសៀវភៅណែនាំប្រឆាំងនឹងវីរុសកូរ៉ូណាកំពុងត្រូវបានសរសេរព្រាង ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងត្រូវបានជំរុញឱ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនេះ៕




អត្ថបទ៖ លីដា