ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនមួយនៅថៃត្រូវបិទទ្វារ បន្ទាប់ពីក្មេងប្រុសម្នាក់បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19 កាលពីម្សិលមិញ

    BY autoadmin February 27, 2020
    សាលារៀនមួយនៅថៃត្រូវបិទទ្វារ បន្ទាប់ពីក្មេងប្រុសម្នាក់បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19 កាលពីម្សិលមិញ

    ថៃ៖ ប្តីប្រពន្ធវ័យចំណាស់ និងចៅប្រុសអាយុ ៨ឆ្នាំ របស់ពួកគេ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានឆ្លងវីរុស COVID-19 ដែលធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសថៃកើនដល់ ៤០ គិតត្រឹមម្សិលមិញនេះ។ មន្ត្រីសុខាភិបាលបាននិយាយថា ជីដូនជីតានិងចៅប្រុសរបស់ពួកគេ បានធ្វើតេស្តរកវីរុស COVID-19 បន្ទាប់ពីយាយតាទាំង២ បានធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែដំបូងឡើយបានលាក់បាំងប្រវត្តិធ្វើដំណើរទៀតផង។ ខណៈពេលនេះសាលា Phraharuthai Donmuang ជាសាលាដែលចៅប្រុសកំពុងសិក្សា ត្រូវបានពន្យាចូលរៀនរយៈពេល ២សប្តាហ៍ ដោយភ័យខ្លាចថា ក្មេងប្រុសអាចចម្លងវីរុសនេះទៅមិត្តរួមថ្នាក់របស់គេ។

    ជីតានិងជីដូនត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកោះហុកកៃដូ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ ជីតាបានទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យដោយសារមានការក្អក ប៉ុន្តែមិនបានប្រាប់គ្រូពេទ្យថាគាត់បានទៅប្រទេសជប៉ុនទេ រហូតដល់ត្រូវចូលសម្រាកនៅមន្ទីរពេទ្យមួយយប់។ ជីតាអាយុ ៦៥ឆ្នាំ រូបនេះធ្វើការក្នុងកងទ័ពអាកាស។ ក្រុមមន្រ្តីបាននិយាយថា ពេលវេលាចុងក្រោយដែលគាត់បានទៅសាលារៀនរបស់ចៅគាត់ គឺនៅថ្ងៃច័ន្ទ នៅពេលដែលគាត់យកចៅប្រុសទៅរៀន។

    សាលារៀន និងបុគ្គលិកទាំងមូល កំពុងត្រូវបានគេធ្វើតេស្តរកមើលវីរុសនេះ។ ថ្នាក់ក្មេងប្រុសមានសិស្ស ៣០នាក់ ហើយត្រូវបានបង្រៀនដោយគ្រូចំនួន ១១នាក់។ ឪពុកក្មេងប្រុសដែលជាអ្នកផ្ដល់ព័ត៌មាននៅធនាគារ ក៏បានទទួលការធ្វើតេស្តផងដែរ។ ទោះបីជាលទ្ធផលត្រូវបានគេរាយការណ៍ថា អវិជ្ជមានក៏ដោយគាត់ត្រូវឈប់សម្រាកពីការងារចំនួនពីរសប្តាហ៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ khaosodenglish

    Share This Post: