អន្តរជាតិ

ភាគបន្ដ! លោក Mahathir Mohamad នឹងមកកាន់តំណែងជាប្រធានបក្ស Bersatu ឡើងវិញ បន្ទាប់ពីទើបតែលាលែងពីតំណែងបាន២ថ្ងៃ

BY
autoadmin
February 27, 2020

នាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Mahathir Mohamad បានវិលត្រឡប់មកកាន់បក្ស Parti Pribumi Bersatu Malaysia (Bersatu) ជាថ្មី ប៉ុន្តែនៅមិនច្បាស់ពីតួនាទីបន្ទាប់របស់គាត់នៅឡើយ។ ការបង្ហើបនេះត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការបក្ស Bersatu លោក Datuk Marzuki Yahya ។ លោកបានមានប្រសាសន៍ថា៖ “ការវិវត្តផ្សេងទៀតនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ” ។ រំលឹកដែរថា កាលពីថ្ងៃច័ន្ទក្រៅពីសុំលាលែងជានាយករដ្ឋមន្រ្តី លោកបណ្ឌិត Mahathir ក៏បានលាឈប់ពីតំណែងជាប្រធានរបស់បក្ស Bersatu ផងដែរ។

ទន្ទឹមនឹងនេះសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់បក្ស Bersatu លោក Datuk Seri Redzuan Yusof ក៏បានបញ្ជាក់ដែរថា លោក Mahathir នឹងធ្វើការវិលត្រឡប់មករកគណបក្សវិញ បន្ទាប់ពីបានលាលែងពីតំណែងជាប្រធានកាលពីថ្ងៃច័ន្ទ។ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើលោកបណ្ឌិត Mahathir នឹងធ្វើជាប្រធានម្តងទៀត ឬគាត់នឹងធ្វើជាទីប្រឹក្សា។ ប៉ុន្តែ Malay Mail និយាយថា គាត់នឹងមកធ្វើជាប្រធានម្ដងទៀត។ ប្រភពបាននិយាយថា មេដឹកនាំបក្ស Bersatu នឹងជួបគ្នាឆាប់ៗនេះ ដើម្បីពិភាក្សាបន្ថែមលើបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយបច្ចុប្បន្ននៅក្នុងប្រទេស។ ប៉ុន្តែពេលវេលា និងទីកន្លែងនៃកិច្ចប្រជុំ មិនត្រូវបានប្រកាសជាសាធារណៈទេ៕

អត្ថបទ៖ លីដា

Share This Post: