អន្តរជាតិ

WHO ព្រមានថា ប្រទេសទាំងអស់ត្រូវតែចូលរួមទប់ស្កាត់ COVID-19 ព្រោះវីរុសនេះអាចផ្ទុះឡើងបានគ្រប់ទីកន្លែង

BY
autoadmin
February 28, 2020

ប្រធានអង្គការសុខភាពពិភពលោក បានជំរុញឱ្យប្រទេសទាំងអស់ធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុស COVID-19 ព្រោះថាស្ថានភាពនេះអាចមានទៅបានគ្រប់ទីកន្លែង។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ថា វិធានការណ៍ទប់ដូចជាវិធានការដែលត្រូវបានធ្វើនៅប្រទេសចិន កំពុងនាំឱ្យមានការធ្លាក់ចុះករណីថ្មីៗនៅក្នុងប្រទេស ប៉ុន្តែការឆ្លងរាលដាលនៅក្នុងពិភពលោកកំពុងកើនឡើងខ្លាំង ដែលនេះជាដំណឹងអាក្រក់មួយ។

WHO និយាយថា ខ្លួនបានទទួលរបាយការណ៍នៃការឆ្លងថ្មីចំនួន ៤១២ ពីប្រទេសចិន និង ៤៥៩នាក់ មកពីខាងក្រៅប្រទេសចិន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ។ WHO បានកត់សម្គាល់ថា នេះជាលើកដំបូងហើយដែលករណីជាច្រើន ត្រូវបានគេរាយការណ៍ពីខាងក្រៅប្រទេសចិន។ លោក Tedros បាននិយាយថា៖ «យើងពិតជាស្ថិតក្នុងស្ថានភាពទន់ខ្សោយ ដែលការផ្ទុះឡើងមាននៅទិសដៅណាមួយ ដោយផ្អែកលើវិធីដែលយើងដោះស្រាយវា»។ លោកបានដាស់តឿនថា ឱកាសសម្រាប់ការទប់ស្កាត់ការផ្ទុះឡើងនេះគឺកាន់តែ «រួមតូច» ហើយបានអំពាវនាវឱ្យប្រទេសនានាប្រមូលផ្ដុំនូវរាល់វិធានការណ៍ដែលអាចធ្វើបាន។

នាយកប្រតិបត្តិនៃកម្មវិធីសុខភាពបន្ទាន់របស់ WHO លោក Michael Ryan ក៏បានចូលរួមក្នុងសន្និសីទសារព័ត៌មាននេះដែរ។ គាត់បានឆ្លើយសំនួរអំពីផលប៉ះពាល់ដែលអាចកើតមាននៃវីរុសលើកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំនេះ។ លោក Michael Ryan បាននិយាយថា អង្គការសុខភាពពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកកំពុងផ្តល់ឱ្យពួកគេនូវការវាយតម្លៃហានិភ័យ និងដំបូន្មានគ្រប់គ្រងហានិភ័យ។ លោកបានបន្ថែមទៀតថា តាមការយល់ដឹងរបស់លោកគ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង ឬនឹងត្រូវធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ អំពីអនាគតនៃកីឡាអូឡាំពិកឡើយ៕

អត្ថបទ៖ លីដា

Share This Post: