ចិនដាក់ពង្រាយទ័ពសត្វទា ១០ម៉ឺនក្បាល ដើម្បីជួយស៊ីសត្វកណ្ដូបរាប់លានក្បាល ដែលចុះមកបំផ្លាញផលដំណាំរបស់ប្រជាកសិករ
ចិន៖ ប្រទេសជាច្រើននៅតំបន់អាហ្វ្រិកខាងកើត អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ាសុទ្ធតែទទួលរងនូវបញ្ហាដូចគ្នាមួយ គឺមានសត្វកណ្ដូបរាប់លានក្បាលចុះមកស៊ីផលដំណាំរបស់ប្រជាកសិករខ្ទេចខ្ទីគ្មានសល់ រហូតធ្វើឲ្យប្រទេសទាំងនោះត្រូវប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋទៀតផង។ ប៉ាគីស្ថានគឺជាប្រទេសចុងក្រោយមួយនៅអាស៊ី ដែលទើបកើតមានបញ្ហាដូចរៀបរាប់ខាងលើនេះ ហើយបញ្ហាក៏កំពុងបន្តឈានទៅដល់តំបន់មួយនៅក្នុងប្រទេសចិនផងដែរ គឺតំបន់ជាប់ព្រំដែនចិន-ប៉ាគីស្ថាន។
![]()
ឆ្លើយតបនឹងបញ្ហាមួយនេះ អាជ្ញាធរចិនបានសម្រេចដាក់ពង្រាយសត្វទាចំនួន ១០០ ០០០ ក្បាល ដើម្បីឲ្យជួយស៊ីសត្វកណ្តូបដែលចុះមកស៊ីផលដំណាំផ្សេងៗ។ បើតាមលោក Lu Lizhi ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មចិនបានឲ្យដឹងថា ជាមធ្យមសត្វទាមួយក្បាលអាចស៊ីសត្វកណ្ដូបរហូតដល់ ២០០ ក្បាលក្នុងមួយថ្ងៃ ដូចនេះក្រុមសត្វទានឹងជួយប្រឆាំងនឹងក្រុមសត្វកណ្តូបបានយ៉ាងមានប្រសិទ្ធភាព។ លោក Lu Lizhi ដែលជារកឃើញវិធីខាងលើនេះបានបញ្ជាក់ថា ចិនគ្រោងនឹងបញ្ជូនសត្វទារាប់ម៉ឺនក្បាលទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីឲ្យជួយស៊ីសត្វកណ្ដូបនៅទីនោះផងដែរ៕

“Duck troops” gather at the border to face locust swarms pic.twitter.com/1J4r3dmmJk
— CGTN (@CGTNOfficial) February 19, 2020
អត្ថបទ៖ ភក្តី