នូវែលសេឡង់រកឃើញករណីដំបូងនៃវីរុស COVID-19 ប៉ុន្តែមិនមែនឆ្លងពីចិនដីគោកទេ ប៉ុន្តែឆ្លងចេញពីអ៊ីរ៉ង់
អ្នកដំណើរម្នាក់ដែលបានទៅទស្សនាអ៊ីរ៉ង់នាពេលថ្មីៗនេះ បានក្លាយជាករណីឆ្លងវីរុស COVID-19 ដំបូងគេនៅប្រទេសនូវែលសេឡង់។ នាយករដ្ឋមន្រ្តីអ្នកស្រី Jacinda Ardern បានបញ្ជាក់ពីព័ត៌មាននេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅស៊ីដនីនៅថ្ងៃនេះផ្ទាល់។ អ្នកឆ្លងមានអាយុ ៦០ឆ្នាំ ហើយបានមកដល់ប្រទេសនូវែលហ្សេឡង់វិញកាលពីថ្ងៃពុធ តាមជើងហោះហើរ Emirates លេខ EK450 ពីតេអេរ៉ង់ឆ្លងកាត់កោះបាលី។ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា៖ “អ្នកឆ្លងនោះបានមកដល់ទីក្រុង Auckland នៅថ្ងៃទី២៦ ខែកុម្ភះ ហើយបានធ្វើដំណើរតាមរថយន្តឯកជនទៅផ្ទះ”។

ក្រសួងបន្ថែមថា៖ “ក្រុមគ្រួសាររបស់គាត់មានការព្រួយបារម្ភអំពីស្ថានភាពរបស់ពួកគេ ហើយបានទូរស័ព្ទរកសេវាសុខភាព”។ ពួកគេត្រូវបានគេណែនាំឱ្យតាមដានផ្នែកវេជ្ជសាស្ត្រ និងមកកាន់មន្ទីរពេទ្យទីក្រុង Auckland នៅថ្ងៃដដែលនោះ។ ពួកគេទាំងអស់បានពាក់ម៉ាស់នៅពេលមកដល់ប្រទេសវិញ ហើយជាលទ្ធផលនៃរោគសញ្ញា និងប្រវត្តិធ្វើដំណើរ ពួកគេម្នាក់ៗត្រូវបានធ្វើតេស្ត។ អ្នកឆ្លងម្នាក់នោះបានក្អក ហើយពិបាកដកដង្ហើម។ ពួកគេបានធ្វើតេស្តអវិជ្ជមានពីរដង ប៉ុន្តែលទ្ធផលនៃការធ្វើតេស្តលើកទី៣ គឺវិជ្ជមាន ហើយត្រូវបានបញ្ជាក់នៅម៉ោង ៤ និង ១៥នាទីល្ងាច (ម៉ោងក្នុងស្រុក)។ ជាលទ្ធផលវាធ្វើឱ្យប្រទេសនូវែលហ្សេឡង់ជាប្រទេសទី៤៨ ដែលមានករណីឆ្លងវីរុសនេះ៕



អត្ថបទ៖ លីដា