អន្តរជាតិ

WHO ប្តូរកម្រិតប្រកាសអាសន្ន ដោយសារ COVID-19 ពីកម្រិត “ខ្ពស់” ទៅកម្រិត “ខ្ពស់បំផុត”

BY
autoadmin
February 29, 2020

អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា មេរោគ Covid-19 គឺជាក្តីកង្វល់របស់ពិភពលោកទាំងមូល ហើយអង្គការមួយនេះថែមទាំងបានប្តូរការវាយតម្លៃកម្រិតនៃការរាតត្បាតមេរោគមួយនេះពីកម្រិត “ខ្ពស់” ទៅកាន់កម្រិត “ខ្ពស់បំផុត” ទៀតផង។ សេចក្តីថ្លែងការណ៍បានធ្វើឡើងភ្លាមៗ ក្រោយមេរោគ Covid-19 បានរីករាលដាលយ៉ាងឆាប់រហ័សអំពីតំបន់អាស៊ី ទៅកាន់តំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាម៉េរិក និងបានឆ្លងទៅដល់អាហ្រ្វិកទៀតផង បើគិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ។

ព័ត៌មានចុងក្រោយបានបង្ហាញថា កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ គឺជាប្រទេសដែលមានអ្នកឆ្លងមេរោគ Covid-19 ច្រើនបំផុតនៅក្រៅទឹកដីចិន ដោយត្រឹមតែមួយថ្ងៃម្សិលមិញសោះក្នុង ៣ ប្រទេសនេះមានករណីឆ្លងថ្មីរហូតដល់ ៣ ៥០០ ករណីឯណោះ។ ទន្ទឹមគ្នានេះផងដែរប្រទេសនៅតំបន់អាហ្រិ្វកគឺ នីហ្សេរីយ៉ាក៏បានរាយការណ៍ពីករណីឆ្លងមេរោគ Covid-19 លើកទីមួយក្នុងប្រទេសខ្លួនផងដែរ។ ប្រទេសនៅតំបន់អឺរ៉ុបដូចជាវែល និងអៀរឡង់ខាងជើង ក៏បានរកឃើញករណីឆ្លងថ្មីដែរ ខណៈមិចស៊ីកូដែលជាប្រទេសនៅតំបន់អាម៉េរិកនោះក៏បានរកឃើញករណីឆ្លងថ្មីផងដែរ។

Covid-19 បានកំពុងតែគំរាមគំហែងពិភពលោកយ៉ាងខ្លាំងតាមរយៈរូបភាពជាច្រើនដូចជា ធ្វើឲ្យប្រទេសជាច្រើនត្រូវខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍សុរបជាទឹកប្រាក់រាប់ពាន់លានដុល្លារ ក្រុមហ៊ុន រោងចក្រ និងសាលារៀនជាច្រើនត្រូវបិទទ្វាជាបណ្ដោះអាសន្ន ទីផ្សារភាគហ៊ុននៅក្នុងពិភពលោកធ្លាក់ចុះយ៉ាងគំហុក ប្រជាពលរដ្ឋជាច្រើនត្រូវសម្ងំរស់នៅតែក្នុងផ្ទះមិនហ៊ានធ្វើដំណើរចេញក្រៅ សម្ភារៈមួយចំនួនត្រូវឡើងថ្លៃខ្ពស់បង្កឲ្យមានវិបត្តិសង្គម ចំនួនអ្នកឆ្លងថ្មីនិងស្លាប់កើតមានរាល់ថ្ងៃ ខណៈគេនៅមិនទាន់រកឃើញថ្នាំ ឬវិធីជាក់លាក់ណាមួយដើម្បីប្រឆាំងនឹងមេរោគ Covid-19 នៅឡើយទេ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះមេរោគ Covid-19 បានកំពុងតែមានវត្តមាននៅ ៥៦ ប្រទេសក្នុងពិភពលោក ដោយមានអ្នកឆ្លងសុរបចំនួន ៨៥ ២០៦ ករណី និងបានសម្លាប់មនុស្សចំនួន ២ ៩២៣ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: