ក្រោយជាសះស្បើយបាន៤ថ្ងៃ អ្នកជំងឺកូរ៉ូណាម្នាក់ ត្រូវគេធ្វើតេស្តឃើញមានផ្ទុកវីរុសនេះឡើងវិញម្តងទៀត
ចិន៖ អតីតអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ម្នាក់ ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគមួយនេះសារជាថ្មីម្តងទៀត ក្រោយរូបគាត់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ទើបតែបាន ៤ ថ្ងៃប៉ុណ្ណោះ។ ជនរងគ្រោះដែលបានឆ្លងវីរុសដល់ទៅ ២ដងនេះមានឈ្មោះថា Wang អាយុ ៦៥ឆ្នាំ រស់នៅក្នុង Zhejiang ភាគខាងកើតប្រទេសចិន។ កាលពី ១៨ ថ្ងៃមុនលោកតា Wang ត្រូវបានគេរកឃើញថា បានឆ្លងនូវវីរុសកូរ៉ូណាថ្មី COVID-19 ក្រោយរូបគាត់បានត្រលប់មកពីក្រុងវូហានវិញ។ ពេលនោះលោកតាត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេចំនួន ១៤ ថ្ងៃ ដើម្បីទទួលបានការព្យាបាលហើយលទ្ធផលចុងក្រោយខាងមន្ទីរពេទ្យបានបញ្ជាក់ថា លោកតា Wang បានជាសះស្បើយពីវីរុសកូរ៉ូណាថ្មី COVID-19 ១០០% ហើយលោកតាត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅរស់នៅជុំគ្រួសារវិញជាធម្មតាផងដែរ។
យ៉ាងណាក្តី បន្ទាប់ពីទទួលបានដំណឹងតាមរយៈសារព័ត៌មានថា មានករណីអ្នកជាសះស្បើយហើយតែត្រូវឆ្លងមេរោគជាថ្មីទៀតនោះ លោកតា Wang ក៏សម្រេចទៅពិនិត្យសុខភាពម្តងទៀត និងបានរកឃើញថាគាត់ពិតជាមានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ជាថ្មីម្តងទៀតផងដែរ។ ពេលនេះលោកតា Wang ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកជាថ្មីម្តងទៀតដើម្បីព្យាបាល។ គិតមកទល់នឹងពេលនេះចិនមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ៧៩ ២៥២ករណី ស្លាប់ចំនួន ២ ៨៣៥ករណី និងមានអ្នកជាសះស្បើយចំនួន ៣៩ ០៤១ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Dailymail