ថៃមានអ្នកស្លាប់ដំបូងបំផុត ដោយសារវីរុសកូរ៉ូណាថ្មី COVID-19
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺរបស់ថៃ បានរាយការណ៍ពីករណីស្លាប់ដោយសារវីរុសកូរ៉ូណាដំបូងបំផុតក្នុងប្រទេស នៅរសៀលថ្ងៃអាទិត្យនេះ។ បុរសជនជាតិថៃរូបនោះ មានវ័យ ៣៥ ឆ្នាំ បានកើតជំងឺគ្រុនឈាម និងឆ្លងវីរុសកូរ៉ូណាថ្មី COVID-19។ អ្នកស្លាប់ត្រូវបានបញ្ជូនទៅពេទ្យឯកជននៅថ្ងៃទី២៧ មករា ២០២០ ដោយសារមានជំងឺគ្រុនឈាម ប៉ុន្តែត្រូវបានបញ្ជូនបន្តទៅវិទ្យាសាស្ត្រជំងឺឆ្លង Bamrasnaradura ក្រៅទីក្រុងបាងកក នៅថ្ងៃទី ៥ កុម្ភៈ ដើមខែនេះ។ ថ្ងៃទី១៦ កុម្ភៈ អ្នកស្លាប់ ត្រូវបានធ្វើតេស្ដមិនមានឃើញផ្ទុកវីរុស COVID-19 ឡើយ បន្ទាប់ពីទទួលការព្យាបាលនៅវិទ្យាស្ថានដដែល។
លោក Suwanchai Wattanayingcharoen អគ្គនាយកនៃនាយកដ្ឋនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺថៃ និយាយថា៖ «ក្រោយពីព្យាបាលជិត ១ ខែ សួតរបស់អ្នកស្លាប់ បានខ្សោយទៅហើយ ឯបេះដូង និងគ្រឿងក្នុងផ្សេងទៀត ក៏ធ្វើការធ្ងន់ដែរ។ ជាហេតុធ្វើគ្រឿងក្នុងលែងដំណើរការ និងស្លាប់»។
យោងតាមក្រសួងសុខាភិបាលថៃថា ថៃមានអ្នកឆ្លងវីរុស COVID-19 ចំនួន ៤២ នាក់ ដោយ ៣០ នាក់ ជាសះស្បើយចេញពីពេទ្យ ឯ ១១ នាក់ផ្សេងទៀត កំពុងទទួលការព្យាបាល៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ