កើនឡើងរាល់ថ្ងៃ! អ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៣,៧០០ករណី
វីរុស COVID-19 នៅតែរីករាលដាលពាសពេញពិភពលោក ទោះបីជាមានការខិតខំដើម្បីទប់ស្កាត់វាក៏ដោយ។ តួយ៉ាងកូរ៉េខាងត្បូងជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយកាលពីថ្ងៃអាទិត្យប្រទេសនេះវាបានរកឃើញករណីថ្មីចំនួន ៦០០ បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាង ៣,៧០០។ ចំនួនអ្នកស្លាប់ពេលនេះមានដល់ ១៨នាក់ ហើយជាងពាក់កណ្តាលនៃការឆ្លងត្រូវបានរាយការណ៍ពីភាគខាងត្បូងទីក្រុង Daegu ។ ស្ថិតនៅក្នុងទិវាប្រារព្ធខួបនៃចលនាឯករាជ្យរបស់កូរ៉េប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមជប៉ុន លោកប្រធានាធិបតី Moon Jae-in បានអំពាវនាវឱ្យប្រទេសជប៉ុន ធ្វើការជាមួយប្រទេសរបស់លោក ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺនេះ។ លោកបាននិយាយថា៖ «ជប៉ុនតែងតែជាប្រទេសជិតដិត។ យើងគួរតែរួមដៃគ្នាដើម្បីជំនះវិបត្ដិនេះ និងកសាងទំនាក់ទំនងឆ្ពោះទៅមុខ»។

លោក Moon Jae-in ក៏សង្ឃឹមថា នឹងអាចធ្វើការជាមួយកូរ៉េខាងជើងលើបញ្ហាសុខភាពនេះដែរ។ ទន្ទឹមនឹងនេះនៅប្រទេសអ៊ីតាលី ចំនួនមនុស្សដែលឆ្លងវីរុសនេះមានចំនួនជិត ១,៧០០នាក់ និងមានអ្នកស្លាប់ចំនួន ៣៤នាក់។ ហើយទីប្រជុំជនចំនួន ១១ នៅភាគខាងជើងនៃប្រទេស គឺស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក។ ការឆ្លងមួយចំនួននៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៅទីនោះ។ នៅក្នុងប្រទេសអ៊ីរ៉ង់ក្រសួងសុខាភិបាលបានប្រកាសថា ចំនួនអ្នកឆ្លងមានជិត ១,០០០នាក់ ខណៈអ្នកស្លាប់បានកើនឡើងដល់ ៥៤នាក់ ហើយវាគឺជាចំនួនអ្នកស្លាប់ច្រើនជាងគេនៅក្រៅប្រទេសចិនដីគោក។ ដូច្នេះគិតមកទល់ពេលនេះក្រៅពីចិនដីគោក និងជប៉ុន មានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ១១០នាក់ ចេញពី ៦០ ប្រទេស និងដែនដី ខណៈមានមនុស្សជាង ៧,០០០នាក់ បានឆ្លងជំងឺនេះ៕



អត្ថបទ៖ លីដា