ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវាខ្នាតធំមួយគ្រឿងផ្ទុកមនុស្ស ២,០០០នាក់ ត្រូវក្រុមអ្នកតវ៉ានាំគ្នាគប់ដុំថ្មដាក់ ដោយសារពួកគេភ័យខ្លាចមានអ្នកឆ្លង COVID-19

    BY autoadmin March 2, 2020
    នាវាខ្នាតធំមួយគ្រឿងផ្ទុកមនុស្ស ២,០០០នាក់ ត្រូវក្រុមអ្នកតវ៉ានាំគ្នាគប់ដុំថ្មដាក់ ដោយសារពួកគេភ័យខ្លាចមានអ្នកឆ្លង COVID-19

    នាវាទេសចរណ៍មួយគ្រឿងដែលដឹកអ្នកដំណើរ ២,០០០នាក់ ត្រូវបានស្វាគមន៍ដោយក្រុមបាតុករ បូករួមទាំងការគប់ដុំថ្ម និងស្រែកដាក់ក្រុមនាវិក នៅពេលនាវានោះព្យាយាមចូលចតនៅកោះ Réunion (សាធារណរដ្ឋបារាំង) ដោយសារតែពួកគេគិតថានាវានេះឆ្លងវីរុស COVID-19 ។ នៅក្នុងហេតុការណ៍នោះប៉ូលីសបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបញ្ចប់ការប៉ះទង្គិចដ៏អាក្រក់នោះ ក៏ព្រោះតែប្រជាជនក្នុងស្រុកចំនួន ៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅពេលដែលនាវា Sun Princess ព្យាយាមចូលចតនៅថ្ងៃទី១ ខែមីនា។

    ក្រុមអ្នកតវ៉ាមានការព្រួយបារម្ភថា មនុស្សនៅលើនាវាអាចមានផ្ទុកវីរុស បន្ទាប់ពីនាវានេះបានចូលចតនៅប្រទេសថៃកាលពីដើមខែកុម្ភៈ។ ក្រុមបាតុករបានបដិសេធមិនអនុញ្ញាតឱ្យអ្នកដំណើរ ដែលភាគច្រើនមកពីអូស្ត្រាលី និងនូវែលហ្សេឡង់ បានចុះចតនៅលើកោះរបស់ពួកគេនោះទេ ហើយបានគប់សំបកដប និងថ្មដាក់សន្តិសុខ ដែលព្យាយាមនាំមនុស្សចុះពីលើនាវា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា អ្នកផ្សេងទៀតបានដុតធុងសំរាម និងបិទផ្លូវ មុនពេលពួកគេត្រូវបានបញ្ឈប់ដោយប៉ូលីសប្រដាប់អាវុធ ដែលមានទាំងការប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីធ្វើឱ្យក្រុមបាតុករស្ថិតនៅក្រោមការគ្រប់គ្រង។

    គួរឱ្យដឹងដែរថា នាវា Sun Princess បានចាកចេញពីទីក្រុង Fremantle នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២០ ខែមករា ហើយបានទៅធ្វើទស្សនកិច្ចនៅប្រទេសសឹង្ហបូរី ថៃ សាធារណ​រដ្ឋ​សីស្ហែល ហ្សានហ្សីបា (តង់ហ្សានី) ម៉ាដាហ្គាស្ការ កំពង់ផែចំនួន ៤ នៅអាហ្វ្រិកខាងត្បូង និងចុងក្រោយ គឺកោះ Réunion នេះ។ ឥឡូវនេះវាប្រឈមនឹងការធ្វើដំណើរប្រាំបីថ្ងៃត្រឡប់ទៅ Fremantle វិញ ដែលវានឹងត្រូវទៅដល់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៕

    អត្ថបទ៖ លីដា

    Share This Post: