អ្នកជំនាញអាមេរិកលើកឡើងថា មិនចាំបាច់ពាក់ម៉ាស់ ដើម្បីការពារវីរុសកូរ៉ូណានោះទេ ព្រោះវាអាចបង្កើនហានិភ័យនៃការឆ្លងកាន់តែខ្លាំងទៅវិញ
អាមេរិក៖ ខណៈដែលមនុស្សស្ទើរតែពេញពិភពលោកគិតថា ការពាក់ម៉ាស់គឺជាវិធីការពារខ្លួនពីការចម្លងវីរុសកូរ៉ូណា COVID-19 នោះ លោកស្រីវេជ្ជបណ្ឌិត Eli Perencevich អ្នកឯកទេសផ្នែកជំងឺឆ្លង និងជាសាស្ត្រាចារ្យប្រចាំនៅក្នុងសាលកវិទ្យាល័យសុខាភិបាលរបស់អាមេរិក (University of Iowa’s College of Medicine) បានអះអាងថា លោកអ្នកមិនចាំបាច់ត្រូវពាក់ម៉ាស់នោះទេដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា COVID-19 នេះបើយោងតាមការចុះផ្សារពីសារព័ត៌មាន FORBES។ លោកស្រីវេជ្ជបណ្ឌិត Eli Perencevich បានពន្យល់ថា វីរុសកូរ៉ូណា COVID-19 មិនមែនចម្លងតាមខ្យល់នោះទេ តែវាចម្លងតាមរយៈដំណក់ទឹក (ទឹកមាត់របស់ជនរងគ្រោះ ឬដំណក់ទឹកមានផ្ទុកមេរោគក្នុងបរិមាណច្រើន) ដូចនេះការពាក់ម៉ាស់ធម្មតា (Surgical Mask) មិនមែនជាដំណោះស្រាយនោះទេ។
លោកស្រីបានបន្តថា បើទោះជាមានជនរងគ្រោះនៅផ្ទះជាប់គ្នាក៏ដោយក៏លោកអ្នកមិនចាំបាច់ត្រូវពាក់ម៉ាស់ដែរ ព្រោះខ្យល់មិនអាចនាំវីរុសកូរ៉ូណា COVID-19 មកបានឡើយ ហើយដំណក់ទឹកដែលមានវីរុសនោះក៏មិនអាចខ្ទេចចេញពីផ្ទះមួយទៅផ្ទះមួយបានដែរ។ ផ្ទុយទៅវិញបើអ្នកពាក់ម៉ាស់មិនបានត្រឹមត្រូវ អ្នកនឹងត្រូវយកដៃមកប៉ះពាល់ជាមួយនឹងមុខមាត់ច្រើនដងជាងធម្មតា ហើយកត្តានេះបាចជំរុញឲ្យមានឱកាសនៃការចម្លងមេរោគខ្លាំងទៅវិញទេ បើដៃរបស់លោកអ្នកបានប៉ះពាល់ជាមួយនឹងដំណក់ទឹកដែលមានមេរោគនោះ។ ខណៈដែលវីរុសកូរ៉ូណា COVID-19 ត្រូវបានចម្លងតាមដំណក់ទឹកនោះ ការពាក់ម៉ាស់ធម្មតាគឺមិនអាចជួយការពារបានឡើយ ប្រសិនបើក្នុងករណីដែលលោកអ្នកត្រូវទទួលរងដំណក់ទឹកពីជនរងគ្រោះនោះ ព្រោះម៉ាស់ធម្មតាត្រូវបានគេរចនាឡើងដោយអនុញ្ញាតឲ្យវាអាចជ្រាបទឹកបានផងដែរ។
ដូចនេះតើអ្វីទៅទើបអាចការពារដំណក់ទឹកបានពិតប្រាកដនោះ? ឆ្លើយតបនឹងសំនួរនេះ លោកស្រី Eli Perencevich បានបញ្ជាក់ថា គឺគេអាចប្រើរបាំងការពារមុខឬអាចជាម៉ាស់ពិសេសមួយរបស់ក្រុមគ្រូពេទ្យដែលជាប្រភេទ Medical Respirator តែការប្រើឧបករណ៍ទាំងនេះទាល់តែលោកអ្នកទទួលបានបង្ហាត់បង្រៀនជាមុនសិន បើពាក់វាមិនបានត្រឹមត្រូវនោះទេវាគ្មានប្រសិទ្ធភាពឡើយ ហើយឧបករណ៍ប្រភេទនេះក៏ពិបាករកទិញនៅក្នុងទីផ្សារទូទៅដែរ។ លោកស្រី Eli Perencevich បានអះអាងម្តងហើយម្តងទៀតថា រហូតមកទល់នឹងពេលនេះគេនៅមិនរកឃើញភស្តុតាងជាក់លាក់ណាមួយបង្ហាញថា មនុស្សដែលមានសុខភាពល្អធម្មតាត្រូវការពារខ្លួនពីមេរោគតាមរយៈការពាក់ម៉ាស់នោះទេ ក៏ប៉ុន្តែក្នុងករណីដែលលោកអ្នកជាមនុស្សឈឺស្រាប់លោកអ្នកគួរតែពាក់ម៉ាស់ចុះដើម្បីកាត់បន្ថយអត្រាស្រូបយកបាក់តេរី ឬមេរោគផ្សេងៗទៀតដែលមាននៅក្នុងបរិយាកាសចូលទៅរាយកាយ ព្រោះមនុស្សកំពុងឈឺគឺមានប្រព័ន្ធការពាររាងកាយចុះខ្សោយដែរ។
បើការពាក់ម៉ាស់មិនមែនជាវិធីចាំបាច់សម្រាប់ការពារខ្លួនពីវីរុសកូរ៉ូណា COVID-19 នោះទេ តើអ្វីទៅជាជម្រើសដ៏ល្អបំផុតនោះ? សម្រាប់សំណួរនេះលោកស្រី Eli Perencevich បានអះអាងថា ការលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់គឺជាជម្រើសដ៏ល្អបំផុត ពិសេសមុនពេលលោកអ្នកញ៉ាំអាហារ ឬមុនពេលលោកអ្នកត្រូវយកដៃមកប៉ះពាល់ជាមួយនឹងមុខមាត់ខ្លួនឯងតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ FORBES