ក្រសួងសុខាភិបាលថៃលើកឡើងថា ក្រសួងអាចផ្គត់ផ្គង់ម៉ាស់សម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់តែប៉ុណ្ណោះ តែគ្មានសិទ្ធលក់នោះទេ
ថៃ៖ លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានលើកឡើងថា ក្រសួងសុខាភិបាលអាចធ្វើការផ្គត់ផ្គង់ម៉ាស់ទៅកាន់តែមន្ទីរពេទ្យរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងតែប៉ុណ្ណោះ នេះបើយោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Bangkokpost។ រដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា ចំពោះមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យណាមួយដែលមិនស្ថិតនៅក្រោយការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលទេ ត្រូវទៅទំនាក់ទំនងនៅនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃ ដើម្បីធ្វើការទិញម៉ាស់ក្នុងចំនួនកំណត់ណាមួយ។
លោក Anutin Charnvirakul បានបញ្ជាក់ផងដែរថា ក្រសួងរបស់លោកមានសិទ្ធត្រឹមតែផ្តល់ជូនម៉ាស់សម្រាប់ឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ប៉ុណ្ណោះ តែគ្មានសិទ្ធធ្វើការលក់ ឬចែកចាយជាសាធារណៈនោះទេ។ សូមរម្លឹកជូនថា រដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងម៉ាស់ ដូចជាបិទការនាំម៉ាស់ទៅលក់នៅក្រៅប្រទេស កំណត់ចំនួនម៉ាស់ដែលអ្នកដំណើរអាចនាំយកតាមខ្លួនឬផ្ញើរចេញទៅក្រៅប្រទេស ហើយរដ្ឋាភិបាលជាអ្នកកំណត់តម្លៃសម្រាប់ដាក់លក់ម៉ាស់ទៀតផង ព្រោះខ្លាចមានជនខិលខូចលក់ម៉ាស់ក្នុងតម្លៃខ្ពស់កប់ពពក។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 ចំនួន ៤២ ករណី និងស្លាប់ ១ករណីផងដែរ៕

អត្ថបទ៖ ភក្តី
