នៅអាមេរិកមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19 ចំនួន២នាក់ហើយ ឯអ្នកឆ្លងសរុបកើនដល់ ៨៤ករណី
អាមេរិក៖ អាជ្ញាធរសុខាភិបាលប្រចាំទីក្រុងវ៉ាស៊ីនតោន សហដ្ឋអាមេរិកកាលពីព្រឹកមិញនេះបានរាយការណ៍ថា មានករណីអ្នកស្លាប់ដោយវីរុសកូរ៉ូណាថ្មី COVID-19 កើតមាន ១ករណីបន្ថែមទៀត ធ្វើឲ្យក្រុងវ៉ាស៊ីនតោនមានអ្នកស្លាប់សរុបចំនួន ២ ករណី។ ចំណែកឯអាជ្ញាធរសុខាភិបាលប្រចាំក្រុងញូវយ៉កវិញក៏បានរាយការណ៍ថា មានករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ទីមួយកើតមាននៅក្នុងដែនដីរបស់ខ្លួនផងដែរ។ គួររម្លឹកថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 សរុបចំនួន ៨៤ ករណី និងស្លាប់ ២ករណីផងដែរ។
ការកើនឡើងនូវចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅអាមេរិកបានកំពុងតែផ្តល់ក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាល រហូតដល់ប្រទេសមហាអំណាចមួយនេះត្រូវលុបចោលកិច្ចប្រជុំរវាងលោកប្រធានាធីបតី ដូណល់ត្រាំជាមួយនឹងក្រុមមេដឹកនាំនៅតំបន់អាស៊ានដែលគ្រោងនៅរៀបចំនៅពាក់កណ្តាលខែមីនា ក្នុងក្រុងឡាសវេហ្គាសសហរដ្ឋអាម៉េរិកទៀតផង។ តុល្យការចុងក្រោយនៃមេរោគ Covid-19 បានបង្ហាញថា មេរោគមួយនេះបានធ្វើដំណើរទៅដល់ ៦៦ ប្រទេសនៅជុំវិញពិភពលោក ធ្វើឲ្យមានអ្នកឆ្លងសរុបចំនួន ៨៩ ០៧៧ ករណី និងស្លាប់ចំនួន ៣០៥៣ ករណីផងដែរ៕

អត្ថបទ៖ ភក្តី