រដ្ឋាភិបាលបារាំងប្រាប់ឲ្យពលរដ្ឋខ្លួនផ្អាកថើបថ្ពាល់គ្នាមួយរយៈសិន ដើម្បីកុំឲ្យឆ្លងវីរុសកូរ៉ូណា
បារាំង៖ នៅក្នុងប្រទេសបារាំងមានវប្បធម៌នៃការស្វាគមន៍មួយគឺប្រជាពលរដ្ឋត្រូវថើបថ្ពាល់គ្នាទាំងសងខាងនៅពេលដែលពួកគេបានជួបគ្នា ឬដើម្បីបង្ហាញនូវមិត្តភាព និងការគោរពគ្នាទៅវិញទៅមក។ យ៉ាងណាក្តី វប្បធម៌មួយនេះទំនងជាត្រូវផ្អាកមួយរយៈសិនហើយ ក្រោយពេលវីរុសកូរ៉ូណា COVID-19 កំពុងបន្តគំរាមគំហែងពិភពលោកទាំងមូលយ៉ាងខ្លាំងបំផុត។

យោងតាមសារព័ត៌មាន BUSINESSINSIDER បានចុះផ្សាយថា រដ្ឋាភិបាលនៃប្រទេសបារាំងបានប្រាប់ឲ្យប្រជាពលរដ្ឋខ្លួនត្រូវអនុវត្តនូវវិធីមួយចំនួន ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណា COVID-19 មានទាំងការពាក់ម៉ាស់ សម្អាតដៃឲ្យបានញឹកញាប់ រួមទាំងផ្អាកសកម្មភាពស្វាគមន៍គ្នាតាមរយៈការថើបថ្ពាល់គ្នាផងដែរ។ ការណែនាំនេះបានធ្វើឡើងដោយផ្អែកលើហេតុផលថា វីរុសកូរ៉ូណា COVID-19 អាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់តាមតាមរយៈតំណក់ទឹកដែលមានផ្ទុកមេរោគ ឬដំណក់ទឹកចេញពីរាងកាយជនរងគ្រោះមានដូចជាទឹកមាត់ឬទឹកចេញពីច្រមុះពេលកណ្ដាស់ជាដើម។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះ បារាំងមានអ្នកឆ្លងមេរោគ Covid-19 វីរុសកូរ៉ូណា COVID-19 ចំនួន ១៩១ ករណី ស្លាប់ ៦ករណី ខណៈពិភពលោកទាំងមូលមានអ្នកអ្នកឆ្លងមេរោគមួយនេះសរុបចំនួន ៩០ ៩២៥ ករណី និងស្លាប់ ៣ ១២៥ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BUSINESSINSIDER