ភ្នំភ្លើងមួយនៅឥណ្ឌូនេស៊ីបានផ្ទុះឡើងទាំងព្រឹក ផ្ទុះផេះឡើងលើកម្ពស់ ១១គីឡូម៉ែត្រ សំណាងល្អមិនមានអ្នករងគ្រោះថ្នាក់
អាជ្ញាធរក្នុងតំបន់បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិមួយនៅកោះជ្វារបស់ឥណ្ឌូនេស៊ី ត្រូវបង្ខំឱ្យបិទជាបណ្តោះអាសន្ននៅថ្ងៃអង្គារនេះ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើងនៅពេលព្រឹកនេះ និងបានបាញ់ផេះទៅលើមេឃជិត ១១គីឡូម៉ែត្រ។ វាជាការផ្ទុះរបស់ភ្នំភ្លើង Mt Merapi នៅម៉ោង ៧ និង ១០នាទី ព្រឹក ដែលបានបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិ Adi Sumarmo នៅ Solo ក្នុងខេត្ត Java ភាគកណ្តាល ត្រូវបិទចាប់ពីម៉ោង ៩ និង ២៥នាទីព្រឹក។

ប៉ុន្តែជាសំណាងមជ្ឈមណ្ឌលទទួលបន្ទុកបន្ទុះភ្នំភ្លើងនិងភូគព្ភសាស្ត្រ មិនបានប្រកាសភាពប្រកាសអាសន្នសម្រាប់ការផ្ទុះនេះទេ។ អ្នកនាំពាក្យទីភ្នាក់ងារទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Agus Wibowo បាននិយាយថា មិនមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតទេ ព្រោះការផ្ទុះនេះមានភាពតិចតួចប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ការផ្ទុះដ៏ធំចុងក្រោយបង្អស់របស់ភ្នំ Mt Merapi បានកើតឡើងក្នុងឆ្នាំ២០១០ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣នាក់ និងរងរបួសប្រមាណ ១,៨០០នាក់ផ្សេងទៀត៕

អត្ថបទ៖ លីដា