កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ចំនួន 516 ករណីបន្ថែមទៀត នាំឱ្យករណីសរុបកើនឡើងដល់ 5,328ករណី
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ចំនួន ៥១៦ករណី សម្រាបព្រឹកថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីមានការកើនឡើងនូវចំនួនករណីជាច្រើន ដែលបានជំរុញឱ្យប្រធានាធិបតីរបស់ប្រទេសនេះប្រកាស “សង្គ្រាម” លើវីរុសដែលមានការរីករាលដាលយ៉ាងឆាប់រហ័សនេះ។ ករណីថ្មីនេះបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងសរុប ៥,៣២៨នាក់ និងមានករណីស្លាប់ចំនួន ៣២នាក់ ដែលជាការរាលដាលដ៏អាក្រក់បំផុតនៅក្រៅប្រទេសចិន។ កាលពីថ្ងៃអង្គារលោកប្រធានាធិបតី Moon Jae-in បានសុំអភ័យទោសចំពោះកង្វះខាតម៉ាស់ និងបានសន្យាថានឹងគាំទ្រអាជីវកម្មខ្នាតតូច ដែលរងគ្រោះដោយវីរុសនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបួននៅអាស៊ីមួយនេះ។

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះក៏បានប្រកាសនូវកញ្ចប់ថវិកាចំនួន ១១.៧ទ្រីលានវ៉ុន (១៣.៧ពាន់លានដុល្លារ) ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការផ្ទុះឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងវីរុសនេះធ្វើឱ្យខូចដល់ការផ្គត់ផ្គង់ និងការប្រើប្រាស់ទឹកសាប។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បាននិយាយថា ថវិកាបន្ថែមដែលស្ថិតក្រោមការយល់ព្រមពីសភានឹងផ្តល់ប្រាក់ដល់ប្រព័ន្ធសុខាភិបាល ការថែទាំកុមារ និងទីផ្សារខាងក្រៅ។ លោក Hong Nam-ki បានប្រាប់ថា៖ «នៅពេលយើងយល់ថាសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពអាសន្ន យើងកំពុងផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយរបស់យើងទាំងអស់ ដើម្បីកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេសសម្រាប់វិស័យដែលងាយរងគ្រោះ អាជីវកម្មខ្នាតតូច និងមធ្យម និងអ្នកធ្វើការដោយខ្លួនឯង»៕




អត្ថបទ៖ លីដា