ស្ទើរតែកាប់ចាក់គ្នា ដោយសារដណ្តើមទិញក្រដាសបង្គន់នៅឯផ្សារទំនើបក្នុងប្រទេសអូស្ត្រាលី ព្រោះខ្លាចវីរុសកូរ៉ូណា
អូស្ត្រាលី៖ ស្ត្រីជាអ្នកដើរទិញឥវ៉ាន់ម្នាក់បានដកកាំបិតគំរាមទៅលើអ្នកដើរទិញឥវ៉ាន់ដូចគ្នា ដោយសារតែជម្លោះដណ្តើមទិញក្រដាសបង្គន់ ដែលហេតុការណ៍នេះបានកើតឡើងនៅផ្សារទំនើប Woolworths ភាគខាងលិចទីក្រុង Sydney ប្រទេសអូស្ត្រាលី ដោយសារតែមនុស្សម្នាជាច្រើនបាននាំគ្នាសម្រុកមកទិញឥវ៉ាន់ទុកក្នុងផ្ទះ ព្រោះខ្លាចវីរុសកូរ៉ូណា។

អ្នកនាំពាក្យប៉ូលីសរដ្ឋ New South Wales បាននិយាយថា មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកថា កាលពីវេលាម៉ោង ១ និង៣០នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) នៅហាង Westfield Parramatta មានបុរសម្នាក់ និងស្ត្រីម្នាក់បានឈ្លោះប្រកែកគ្នា និងមានការប្រតាយប្រតប់គ្នាដោយសារដណ្តើមទិញក្រដាសបង្គន់។ នៅក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នានោះមានស្ត្រីម្នាក់មានកាំបិតទៀតផង។
ភ្លាមៗនោះមានប៉ូលិសចំនួន៦នាក់បានមកដល់កន្លែងកើតហេតុ ហើយមិនមាននរណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុស្ត្រីរូបនោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ។
ចាប់ពីមានការផ្ទុះវីរុសកូរ៉ូណានៅប្រទេសអូស្ត្រាលីមក គេសង្កេតឃើញពលរដ្ឋអូស្ត្រាលីជាច្រើនបាននាំគ្នាសម្រុកមកទិញឥវ៉ាន់ទុកក្នុងផ្ទះធ្វើឲ្យទំនិញសំខាន់ៗមួយចំនួននៅតាមបណ្តាផ្សារទំនើបអស់ដាច់ស្តុក។ ដោយសារតែមានការដណ្តើមគ្នាទិញក្រដាសបង្គន់ខ្លាំងពេក ផ្សារទំនើប Woolworths បានប្រកាសចំនួនកំណត់ក្នុងការទិញ ដោយមនុស្សម្នាក់អាចទិញក្រដាសបង្គន់បានតែ៤ដុំប៉ុណ្ណោះ៕


អត្ថបទ៖ សេម
ប្រភព៖ DailyMail





