កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ នឹងមិនត្រូវបានគេលុបចោលនោះទេ
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានសង្កត់ធ្ងន់ថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅតូក្យូនឹងដំណើរការដូចការគ្រោងទុក។ ការអត្ថាធិប្បាយរបស់គាត់កើតឡើងចំពេលមានការព្រួយបារម្ភអំពីវីរុស COVID-19 ដែលអាចរំខានដល់ព្រឹត្តិការណ៍នេះ។ លោក Bach បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរយៈពេលពីរថ្ងៃនៅទីក្រុង Lausanne ប្រទេសស្វីស។ លោកបាននិយាយថា នៅក្នុងកិច្ចប្រជុំនេះមិនមានការលុបចោល ឬការពន្យារពេលនោះទេ។ លោក Thomas Bach បានឱ្យដឹងថា IOC គឺកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក។

លោកបានចង្អុលបង្ហាញកិច្ចប្រជុំរបស់លោកកាលពីសប្តាហ៍មុន ជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និងរួមគ្នាដើម្បីធ្វើការលើបញ្ហានេះ។ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានជូនដំណឹងដល់ក្រុមប្រឹក្សាភិបាល តាមរយៈតំណភ្ជាប់វីដេអូអំពីវិធានការដែលពួកគេកំពុងអនុវត្ត។ លោក Thomas Bach បាននិយាយថា វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសត្រូវបានបង្ហាញ ហើយលោកកាន់តែមានទំនុកចិត្តលើការប្រកួតកីឡានេះ នៅពេលគណៈកម្មាធិការរៀបចំរដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុន កំពុងធ្វើការប្រកបដោយការទទួលខុសត្រូវ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់៕



អត្ថបទ៖ លីដា