ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាស់ផលិតច្រើនដែរ ប៉ុន្តែនៅតែខ្វះប្រើមិនគ្រាន់ ថៃសម្រេចបង្កើតក្រុមការងារពិសេសចុះត្រួតពិនិត្យ និងស៊ើបអង្កេតការផលិត និងការលក់ម៉ាស់នៅទូទាំងប្រទេស

    BY autoadmin March 5, 2020
    ម៉ាស់ផលិតច្រើនដែរ ប៉ុន្តែនៅតែខ្វះប្រើមិនគ្រាន់ ថៃសម្រេចបង្កើតក្រុមការងារពិសេសចុះត្រួតពិនិត្យ និងស៊ើបអង្កេតការផលិត និងការលក់ម៉ាស់នៅទូទាំងប្រទេស

    ថៃ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងបង្កើតក្រុមការងារពិសេសមួយដើម្បីចុះត្រួតពិនិត្យនិងស៊ើបអង្កេតឲ្យដឹងច្បាស់ថា មូលហេតុអ្វីបានការផ្គត់ផ្គង់ម៉ាស់នៅក្នុងទីផ្សារនៅតែមានភាពខ្វះខាតឬមិនគ្រប់តាមតម្រូវការ ខណៈរដ្ឋាភិបាលបានព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីជំរុញការផលិតនិងការលក់ម៉ាស់សម្រាប់ប្រជាពលរដ្ឋពាក់ការពារខ្លួនពីមេរោគ Covid-19។ បើតាមលោកនាយករដ្ឋមន្ត្រីថៃរូបនេះបានឲ្យដឹងថា ជាមធ្យមមានម៉ាស់ថ្មីជាង ១ លានត្រូវបានគេផលិតជារៀងរាល់ថ្ងៃ ហើយក្នុងនោះម៉ាស់ចំនួន ៣០០ ០០០ ត្រូវបានផ្ដល់ជូនទៅកាន់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនោះទេ។ ដោយឡែកម៉ាស់ប្រមាណជា ៧០០ ០០០-៨០០ ០០០ ត្រូវលក់នៅក្នុងទីផ្សារក្នុងតម្លៃជាក់លាក់មួយដែលរដ្ឋាភិបាលបានកំណត់។

    បើទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋថៃមួយចំនួននៅតែលើកឡើងអំពីបញ្ហាគ្មានម៉ាស់ប្រើប្រាស់គ្រប់គ្រាន់នោះទេ។ ឆ្លើយតបនឹងបញ្ហានេះទើបក្រុមការងារពិសេសរបស់រដ្ឋាភិបាលថៃនឹងចុះទៅត្រួតពិនិត្យពីចង្វាក់ផលិតកម្មនិងការលក់ម៉ាស់ ដោយពិនិត្យតាំងពីក្រុមហ៊ុនផលិតទៅមុន (លទ្ធភាពពិតប្រាកដនៃការផលិតរបស់ក្រុមហ៊ុន) ការចែកចាយទៅក្នុងទីផ្សារមានភាពក្រក្រីនិងស្មើភាពគ្នាឬអត់ រហូតដល់ចុះទៅពិនិត្យតួលេខលក់នៅតាមហាងនីមួយៗតើមានភាពត្រឹមត្រូវឬអត់។ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមានថា អ្នកដែលហ៊ានលួចបន្លំ ឬសាងភាពខុសប្រក្រតីក្នុងការផលិតនិងលក់ម៉ាស់ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ជាធរមាន។ គួរម្លឹកជូនថា កន្លងមករដ្ឋាភិបាលក៏បានសម្រេចចាយលុយចំនួន ២ លានបាត (៦៣ ៥៥៧ ដុល្លារអាម៉េរិក) ដើម្បីទិញម៉ាស់ប្រគេនព្រះសង្ឃផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: