ប្រទេសថៃមានករណីអ្នកឆ្លងវីរុស COVID-19 ចំនួន ៤ បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤៧នាក់
លោក Suwanchai Wattanayingcharoen អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃមានករណីឆ្លងវីរុស COVID-19 ចំនួន ៤ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៤៧នាក់ ចាប់តាំងពីខែមករា។ ករណីថ្មីនេះរួមមានបុរសជនជាតិអ៊ីតាលី អាយុ ២៩ឆ្នាំ ដែលបានមកដល់ប្រទេសថៃនៅថ្ងៃទី០១ ខែមីនា ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុស COVID-19 នៅឯមន្ទីរពេទ្យក្នុងខេត្តឈុនបុរី កាលពីថ្ងៃទី០២ ខែមីនា។ ករណីទី២ គឺជាបុគ្គលិកការិយាល័យជនជាតិថៃ អាយុ ៤២ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសអ៊ីតាលី នៅថ្ងៃទី០២ ខែមីនា និងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុសនេះនៅថ្ងៃទី០៣ ខែមីនា នៅក្នុងមន្ទីរពេទ្យឈុនបុរី។

អ្នកទី៣ ជានិស្សិតប្រុសជនជាតិចិន អាយុ ២២ឆ្នាំ ដែលត្រូវបានពិនិត្យរោគសញ្ញានៅពេលកំពុងធ្វើដំណើរនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ពេលធ្វើដំណើរពីអ៊ីរ៉ង់ទៅកាន់ប្រទេសចិន។ ចុងក្រោយគឺករណីទី៤ ជានិស្សិតប្រុសថៃអាយុ ២០ឆ្នាំ ដែលបានមកដល់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុសនេះ នៅភាគខាងត្បូងខេត្ត Nakhon Si Thammarat នៅថ្ងៃទី០២ ខែមីនា។ ប្រទេសថៃមានការស្លាប់ដោយសារវីរុស COVID-19 ចំនួនម្នាក់ ខណៈអ្នកជំងឺ ៣១នាក់ បានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញ ហើយអ្នកឆ្លងចំនួន ១៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


អត្ថបទ៖ លីដា