ទីក្រុងឡុងដ៍បានដកហូត «រង្វាន់សេរីភាព» ចេញពីអ្នកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីអ្នកស្រីបានការពារការប្រព្រឹត្តរបស់មីយ៉ាន់ម៉ា ទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា
សាជីវកម្មទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍នេះ បានដកហូតរង្វាន់កិត្តិយសដែលធ្លាប់បានផ្តល់ឱ្យអ្នកស្រី អ៊ុងសាន ស៊ូជី ចំពោះការប្រព្រឹត្តចំពោះជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកតំណាងរបស់ស្ថាប័នដែលគ្រប់គ្រងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងឡុងដ៍ បានបោះឆ្នោតដើម្បីដកហូតរង្វាន់ «សេរីភាពនៃទីក្រុង» ដែលធ្លាប់បានផ្តល់ឱ្យអ្នកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០១៧។ ការផ្លាស់ប្តូរនេះបានធ្វើឡើង បន្ទាប់ពីការបង្ហាញខ្លួនរបស់អ្នកស្រីក្នុងនាមជាមេដឹកនាំស៊ីវិល នៅឯតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ដើម្បីការពារក្ដីដោយផ្ទាល់ពីការចោទប្រកាន់របស់អន្តរជាតិ ពីបទរំលោភសេពសន្ថវៈ ការដុត និងការសម្លាប់រង្គាលលើជនរងគ្រោះរ៉ូហ៊ីងយ៉ា។

លោក David Wootton ប្រធានគណៈកម្មការដែលទាក់ទងនឹងរង្វាន់សេរីភាពនេះបានមានប្រសាសន៍ថា៖ “ការសម្រេចចិត្តដែលមិនធ្លាប់មាននាពេលបច្ចុប្បន្ននេះ ឆ្លុះបញ្ចាំងពីការថ្កោលទោសរបស់ស្ថាប័នចំពោះការរំលោភបំពានមនុស្សធម៌ ដែលបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជម្លោះក្នុងការដកពានរង្វាន់កាន់តែខ្លាំងឡើង ដោយសារការចូលរួមជិតស្និទ្ធរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅឯសវនាការនៅទីក្រុងឡាអេ ក៏ដូចជាកង្វះការឆ្លើយតបចំពោះលិខិតរបស់គណៈកម្មាធិការនេះ”។
ដើមឡើយអ្នកស្រី ស៊ូជី ត្រូវបានផ្តល់រង្វាន់កិត្តិយស (អាយុកាលតាំងពីឆ្នាំ១២៣៧) កាលពីខែឧសភា ឆ្នាំ២០១៧ ក្នុងការទទួលស្គាល់លើការ “តស៊ូអហិង្សាអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងការលះបង់ដ៏ខ្ជាប់ខ្ជួនរបស់អ្នកស្រីក្នុងការបង្កើតសង្គមមួយ ដែលមនុស្សអាចរស់នៅដោយសន្តិភាព សន្តិសុខ និងសេរីភាព”។ កាលនោះអ្នកស្រីបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ដោយខ្លួនផ្ទាល់ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចនៅអឺរ៉ុប ប៉ុន្តែគាត់បានប្រឈមមុខនឹងការតវ៉ា ទាក់ទិននឹងស្ថានភាពរ៉ូហ៊ីងយ៉ា។ អ្នកទទួលរង្វាន់កិត្តិយសនេះពីមុនរួមមាន មេដឹកនាំសម័យសង្គ្រាមអង់គ្លេសលោក Winston Churchill មេដឹកនាំប្រឆាំងនឹងរបបអាផាថេត Nelson Mandela និងអ្នកវិទ្យាសាស្ត្រ Stephen Hawking ៕



អត្ថបទ៖ លីដា