Facebook បិទទីស្នាក់ការកណ្តាលបណ្ណោះអាសន្ន ក្រោយរកឃើញបុគ្គលិកម្នាក់បានឆ្លងវីរុសកូរ៉ូណា
សហរដ្ឋអាមេរិក៖ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Facebook ដែលមានមូលដ្ឋាននៅក្នុងក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិកត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសិន ក្រោយគេបានរកឃើញថា មានបុគ្គលិកជាអ្នកម៉ៅការជួលជុលអគារក្នុងក្រុមហ៊ុនម្នាក់បានឆ្លងនូវវីរុសកូរ៉ូណាថ្មី COVID-19។ បើយោងតាមសេចក្តីរាយករណ៍នៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា បុគ្គលិកជាអ្នកម៉ៅការជួលជុលអគាររូបនេះបានទៅធ្វើការងារជួលជុលកីឡដ្ឋានមួយកន្លែង ដែលមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីមន្ទីរពេទ្យដែលមានជនរងគ្រោះ ៦នាក់ បានស្លាប់ ដោយសារវីរុសកូរ៉ូណាថ្មី COVID-19 ហើយគាត់អាចនឹងបានឆ្លងមេរោគក្នុងអំឡុងពេលនោះតែម្តង។
មុននេះមួយថ្ងៃមានបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Amazon ដែលធ្វើការងារនៅក្នុងក្រុង Seattle រដ្ឋ Washington ជិតគ្នានឹងក្រុមហ៊ុន Facebook ដែរ ក៏ត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ផងដែរ។ ឆ្លើយតបនឹងបញ្ហាបន្ទាន់នេះ ក្រុមហ៊ុន Facebook បានសម្រេចទ្វារមួយរយៈសិន និងបានលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ធ្វើការងារនៅផ្ទះជំនួសវិញ ហើយការបិទទ្វារអាចនឹងអូសបន្លាយដល់ថ្ងៃទី ៩ ខែមីនា ឬយូរជាងនេះតាមស្ថានភាពជាក់ស្តែង។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះសហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ចំនួន ២២៦ ករណី និងស្លាប់ ១២ ករណីផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ DailyMail






