ក្រុងមួយនៅចិនសម្រេចហាមឃាត់មិនឲ្យពលរដ្ឋទទួលទានសាច់សត្វឆ្មា និងឆ្កែ ព្រោះខ្លាចឆ្លង COVID-19
ចិន៖ អាជ្ញាធរប្រចាំទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនបានធ្វើសេចក្តីព្រាងច្បាប់មួយ ដើម្បីធ្វើការហាមឃាត់មិនឲ្យមានការលក់ និងទទួលទានសាច់សត្វឆ្មា និងសាច់សត្វឆ្កែឡើយ ដែលច្បាប់នេះគឺជាផ្នែកមួយគាំទ្រច្បាប់ហាមឃាត់ការទទួលទានសាច់សត្វព្រៃ ដែលរដ្ឋាភិបាលទើបសម្រេចឲ្យអនុវត្តនៅទូទាំងប្រទេស។ សូមរម្លឹកជូនថា ចិនបានអនុវត្តច្បាប់ស្តីពីការហាមឃាត់មិនឲ្យទទួលទានសាច់សត្វព្រៃ ក្រោយផ្ទុះការរាតត្បាតនៃវីរុសកូរ៉ូណា COVID-19 ដែលវីរុសដ៏សាហាវនេះត្រូវបានគេសង្ស័យថា បានចម្លងមកមនុស្សតាមរយៈការទទួលទានសាច់សត្វព្រៃ។

បើតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយថាក្នុងអំឡុងពេលនេះមានតែសត្វសាច់មួយចំនួនប៉ុណ្ណោះ ដែលត្រូវបានគេអនុញ្ញាតឲ្យប្រជាពលរដ្ឋទទួលទានមានដូចជា សាច់ជ្រូក គោ មាន់ ទា ទន្សាយ ត្រី និងគ្រឿងសមុទ្រតែប៉ុណ្ណោះ ហើយសូម្បីតែសត្វពស់ អណ្ដើក និងកង្កែបក៏ត្រូវបានគេហាមឃាត់ដែរ។ ដោយឡែកចំពោះការបរិភោគសាច់សត្វឆ្មានិងឆ្កែវិញក្រុងខ្លះមិនបានហាមឃាត់នោះទេ តែសម្រាប់ក្រុង Shenzhen គឺសម្រេចធ្វើការហាមឃាត់សាច់សត្វទាំង ២ប្រភេទនេះទៀត ដើម្បីកាត់បន្ថយអត្រានៃការចម្លងវីរុសកូរ៉ូណា COVID-19 ឲ្យនៅទាបបំផុត។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះចិនមានអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 សរុបចំនួន ៩៨ ៤៤០ ករណី ស្លាប់ចំនួន ៣ ៣៨៧ ករណី ហើយករណីអ្នកជាសះស្បើយមានចំនួន ៥៥ ៦៦១ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Bangkokpost