អង់គ្លេសព្រមានមិនឱ្យមានការលក់ទំនិញក្នុងតម្លៃថ្លៃពេក ខណៈក្រុមហ៊ុន Amazon ហាមឃាត់ទំនិញដែលបានអះអាងថាអាចការពារ ឬព្យាបាលវីរុស COVID-19
អង់គ្លេស៖ អាជ្ញាធរការប្រកួតប្រជែងនិងទីផ្សារ (CMA) បានព្រមានដល់អ្នកចែកចាយលក់ទាំងអស់ថា កុំឱ្យកេងប្រវ័ញ្ចលើការភ័យខ្លាចរបស់ប្រជាជន ហើយបន្ថែមតម្លៃលើទំនិញរបស់ខ្លួនឱ្យសោះ។ អាជ្ញាធរបាននិយាយថា ខ្លួនបានត្រួតពិនិត្យការអនុវត្តការលក់ និងកំណត់តម្លៃ ហើយនឹងចាត់វិធានការចំពោះអ្នកដែលរំលោភច្បាប់នេះ។ ការព្រមាននេះកើតមានឡើងបន្ទាប់ពីរបាយការណ៍ថ្មីៗបង្ហាញថា មានការកើនឡើងតម្លៃថ្លៃខ្លាំង សម្រាប់ទំនិញដូចជាម៉ាស់ និងការផ្សាយពាណិជ្ជកម្ម «បំភាន់» ផ្សេងៗ។ ប្រធាន CMA អ្នកស្រី Andrea Coscelli បានជំរុញឱ្យអ្នកលក់រាយទាំងអស់ត្រូវ “មានឥរិយាបទប្រកបដោយទំនួលខុសត្រូវ”។

អ្នកស្រីបាននិយាយថា៖ “យើងក៏សូមរំលឹកសមាជិកសាធារណៈផងដែរថា កាតព្វកិច្ចទាំងនេះអាចអនុវត្តចំពោះពួកគេផងដែរ ប្រសិនបើពួកគេលក់ទំនិញឧទាហរណ៍នៅតាមទីផ្សារអ៊ីនធឺណេត”។ កាលពីសប្តាហ៍មុនក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនបានហាមឃាត់ផលិតផលច្រើនជាងមួយលានមុខ ដែលបានអះអាងថា អាចការពារប្រឆាំងនឹងមេរោគ ឬសូម្បីតែអាចព្យាបាល COVID-19 បានទៀតផង។ Amazon ក៏បានលុបចោលនូវផលិតផលសុខភាព ដែលមានតម្លៃខ្ពស់ហួសប្រមាណរាប់ពាន់មុន ពីអ្នកលក់ដែលមិនស្មោះត្រង់ផងដែរ។ ឧទាហរណ៍ម៉ាស់ពេទ្យ ៥០សន្លឹក ត្រូវបានគេលក់ក្នុងតម្លៃជាង ១៧០ផោន (២២០ដុល្លារ) ខណៈផ្សេងទៀតគេលក់តែ ៣៦ផោន៕




អត្ថបទ៖ លីដា