WHO ព្រមានថាវីរុស COVID-19 មិនមែនជារឿងលេងសើចនោះទេ ខណៈករណីឆ្លងនៅទូទាំងពិភពលោក កើនឡើងជិត ១០០,០០០នាក់
អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានព្រមានដល់រដ្ឋាភិបាលគ្រប់ប្រទេសថា ការបន្តរីករាលដាលនៃវីរុសឆ្លង COVID-19 នេះមិនមែនជារឿងលេងសើចនោះទេ (not a drill) ហើយនឹងតម្រូវឱ្យមានសកម្មភាពច្បាស់លាស់ ប្រសិនបើអាជ្ញាធរសុខាភិបាលសាធារណៈទប់ស្កាត់ការផ្ទុះឡើងដ៏សាហាវនេះ។ ការអំពាវនាវឱ្យចាត់វិធានការនេះ កើតឡើងនៅពេលដែលចំនួនមនុស្សទូទាំងពិភពលោក ដែលឆ្លងវីរុសមានចំនួនជិត ១០០,០០០នាក់ ដែលវាជារឿងដ៏គួរឱ្យញញើតមួយ។ ឥឡូវនេះវីរុសក៏កំពុងវាយប្រហារខ្លាំងនៅក្រៅប្រទេសចិនដូចជា កូរ៉េខាងត្បូង ជប៉ុន ផ្នែកខ្លះនៃអឺរ៉ុប អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទោះបីជាអាជ្ញាធរសុខាភិបាលសាធារណៈនៅទូទាំងពិភពលោក មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះដោយជោគជ័យក៏ដោយ ក៏អង្គការនេះមានការព្រួយបារម្ភថា នៅប្រទេសខ្លះកម្រិតនៃការប្តេជ្ញាចិត្តនយោបាយ មិនត្រូវគ្នានឹងកម្រិតនៃការគំរាមកំហែងឡើយ។ លោកប្រធាននិយាយថា៖ «នេះមិនមែនជាពេលវេលាលេងសើចនោះទេ។ មិនមែនជាពេលវេលាសម្រាប់បោះបង់។ មិនមែនជាពេលដែលត្រូវយកលេស។ នេះជាពេលវេលាសម្រាប់រកច្រកចេញ។ បណ្តាប្រទេសនានាបាននិងកំពុងរៀបចំផែនការសេណារីយ៉ូដូចនេះតាំងពីច្រើនទសវត្សមកហើយ។ ដើម្បីអនុវត្តតាមផែនការទាំងនោះ»៕




អត្ថបទ៖ លីដា