ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីចាប់មនុស្ស៤នាក់ ដែលឆបោកលក់ម៉ាស់តាម Online ក្នុងនោះជនខិលខូចម្នាក់អាចប្រឈមជាប់គុករហូតដល់ ១០ ឆ្នាំ

    BY autoadmin March 7, 2020
    សិង្ហបុរីចាប់មនុស្ស៤នាក់ ដែលឆបោកលក់ម៉ាស់តាម Online ក្នុងនោះជនខិលខូចម្នាក់អាចប្រឈមជាប់គុករហូតដល់ ១០ ឆ្នាំ

    សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានចាប់ខ្លួនមនុស្ស ៤ នាក់បន្ថែមទៀត ជុំវិញករណីឆបោកលក់ម៉ាស់តាមបណ្តាញអ៊ីនធឺណិត ដែលធ្វើឡើងក្នុងគេហទំព័រលក់ទំនិញ Carousell។ ការឆបោកបានកើតឡើងក្នុងរូបភាពជនខិលខូចបានបង្ហោះលក់ម៉ាស់ក្នុងគេហទំព័រលក់ទំនិញ Carousell ដូចគេលក់ទំនិញទូទៅដែរ តែក្រោយពេលបានទទួលលុយពីអតិថិជនរួចគឺអតិថិជនមិនអាចទទួលបានឥវ៉ាន់ទាល់តែសោះ ហើយគេក៏មិនអាចទាក់ទងទៅកាន់អ្នកលក់នោះបានទៀតផង។

    ជនខិលខូចទាំង ៤នាក់នោះរួមមានស្រ្តីវ័យ ១៩ ឆ្នាំម្នាក់ បានឆបោកអតិថិជនក្នុងទំហំទឹកប្រាក់ចំនួន ៥៨០ ដុល្លារសិង្ហបុរី (៤២០ ដុល្លារអាមេរិក), ស្ត្រីវ័យ ២១ឆ្នាំម្នាក់និងបុរសវ័យ ២៣ ឆ្នាំម្នាក់ បានឆបោកអតិថិជនក្នុងទំហំទឹកប្រាក់ចំនួន ៥ ០០០ ដុល្លារសិង្ហបុរី ( ៣ ៦២៧ ដុល្លារអាមេរិក) ដូចគ្នា និងបុរសអាយុ ២៩ ឆ្នាំម្នាក់ត្រូវបានគេឃើញថាបានធ្វើការឆបោកអតិថិជន៣ករណីក្នុងទំហំទឹកប្រាក់រហូតដល់ ៥៥ ១០០ ដុល្លារសិង្ហបុរី (៣៩ ៩៧៥ ដុល្លារអាមេរិក) ហើយជនខិលខូចរូបនេះអាចប្រឈមនឹងការជាប់គុករយៈពេល ១០ ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនផង។

    គិតមកទល់នឹងពេលនេះអាជ្ញាធរសិង្ហបុរីបានចាប់ខ្លួនមនុស្សសរុបចំនួន ១២នាក់ហើយ ជុំវិញករណីឆបោក និងលក់ម៉ាស់ក្នុងតម្លៃខុសប្រក្រតី។ គួរជម្រាបជូនថា សិង្ហបុរីមានអ្នកឆ្លងវីរុស COVID-19 ចំនួន ១៣០ ករណី គ្មានករណីស្លាប់ និងមានអ្នកជះស្បើយចំនួន ៨២ករណីផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ channelnewsasia

    Share This Post: