កូរ៉េខាងត្បូងរកឃើញករណីថ្មីចំនួន ៦៩បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ៧,៨៣២
ប្រទេសកូរ៉េខាងត្បួងដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងវីរុស COVID-19 ធំជាងគេបំផុតនៅលើពិភពលោក (ក្រៅប្រទេសចិន) នាថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានរាយការណ៍អំពីចំនួនករណីប្រចាំថ្ងៃតិចបំផុតក្នុងរយៈពេលពីរសប្តាហ៍ ពោលគឺព្រឹកថ្ងៃច័ន្ទនេះមានតែ ៦៩ករណីប៉ុណ្ណោះ។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) ក៏បានឱ្យដឹងដែរថា មាន ២៤៨ករណី ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។ ករណីសរុបរបស់កូរ៉េខាងត្បូងពេលនេះមានដល់ ៧,៣៨២ ។ គួរឱ្យដឹងដែរថា កូរ៉េខាងត្បូងធ្វើបច្ចុប្បន្នភាពទិន្នន័យពីរដងក្នុងមួយថ្ងៃ នៅម៉ោង ១០ព្រឹក និង ៥ល្ងាច ម៉ោងក្នុងស្រុក។

ប្រទេសកូរ៉េខាងត្បូងធ្លាប់ជាប្រទេសដែលរងគ្រោះជាងគេនៅខាងក្រៅប្រទេសចិន នៅពេលដែលវាបានផ្ទុះឡើងជាលើកដំបូងនៅក្រុង Daegu ។ ប៉ុន្តែនៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសអ៊ីតាលី និងអ៊ីរ៉ង់ បានកើនឡើងតួលេខយ៉ាងគួរឱ្យបារម្ភបំផុត។ របាយការណ៍កាលពីថ្ងៃអាទិត្យបានបង្ហាញថា អ៊ីតាលីមានការឆ្លងលើសពី ៧,០០០នាក់ ហើយការស្លាប់បានកើនឡើងដល់ ៣៦៦នាក់។ នៅអ៊ីរ៉ង់មានករណីស្លាប់ចំនួន ១៩៤នាក់ និងករណីឆ្លងកើនដល់ ៦,៥៦៦នាក់។ ប៉ុន្តែប្រទេសកូរ៉េខាងត្បូងមានអ្នកស្លាប់ចំនួន ៥១នាក់ ប៉ុណ្ណោះនេះបើយោងតាម KCDC ៕



អត្ថបទ៖ លីដា