ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ទៀតជាសះស្បើយពីជំងឺអេដស៍ ត្រូវបានគេរាយការណ៍ថា នេះជាករណីកម្រទី២ ដោយការព្យាបាលប្តូរកោសិកា

    BY autoadmin March 11, 2020
    បុរសម្នាក់ទៀតជាសះស្បើយពីជំងឺអេដស៍ ត្រូវបានគេរាយការណ៍ថា នេះជាករណីកម្រទី២ ដោយការព្យាបាលប្តូរកោសិកា

    ការសិក្សាដែលចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet HIV បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារថា មានមនុស្សទី២ ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺអេដស៍ ហើយជំងឺរបស់គាត់មិនរើឡើងវិញរយៈពេលជាង២ឆ្នាំមកហើយ។ កាលពីជាង ២ឆ្នាំមុន លោក Adam Castillejo អាយុ ៤០ឆ្នាំ ដែលមានឈ្មោះកូដ «អ្នកជំងឺទីក្រុងឡុងដ៍» បានឈប់ប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ ដោយទទួលយកការព្យាបាលថ្មីមួយបែបផ្សេងទៀត។ គាត់បានទទួលការព្យាបាលដោយប្តូរកោសិកា សម្រាប់ការព្យាបាលមហារីកកូនកណ្តុរ (lymphoma) របស់គាត់ ហើយម្ចាស់ជំនួយរបស់គាត់មានបន្លាស់ហ្សែនម៉្យាង ដែលត្រូវបានគេស្គាល់ថា CCR5-delta 32 ។ អំឡុងពេលព្យាបាលមហារីកកូនកណ្តុរដោយការប្រើកោសិកាអ្នកបរិច្ចាគនោះ លោក Adam Castillejo ក៏បានជាសះស្បើយពីជំងឺអេដស៍នេះ ហើយតាំងពីនោះមកគាត់មិនត្រូវការថ្នាំជំនួយអ្វីឡើយ។

    អេដស៍ (វីរុសភាពស៊ាំរបស់មនុស្ស) គឺជាវីរុសឆ្លងពេញមួយជីវិត ដែលវាយប្រហារប្រព័ន្ធភាពស៊ាំរបស់រាងកាយ ហើយអាចមានផលវិបាកដល់សុខភាព។ ទោះយ៉ាងណាវាមិនមានវិធីព្យាបាលជាក់លាក់ណាមួយ ដែលអាចព្យាបាលឱ្យជាដាច់បានឡើយទោះ ប៉ុន្តែវីរុសគ្រប់គ្រងបានដោយការរួមបញ្ចូលគ្នានៃថ្នាំមួយចំនួន ដែលត្រូវបានគេស្គាល់ថាជា Antiretroviral ដែលកាត់បន្ថយបរិមាណមេរោគក្នុងឈាមរបស់មនុស្ស ហើយវាអាចបង្ការបានដោយប្រើ PrEP ដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ក្នុងឆ្នាំ២០១២។

    មិនដូចអ្នកជំងឺទី១ ឈ្មោះ Timothy Ray Brown នៅទីក្រុងប៊ែរឡាំងនោះទេ លោក Adam Castillejo បានទទួលការវះកាត់ប្តូរកោសិកាតែ ១ដង ជំនួសឱ្យ ២ដង ដូចលោក Timothy Ray Brown ហើយក៏មិនមានការព្យាបាលដោយកាំរស្មីចំពោះរាងកាយទាំងមូលរបស់គាត់ដែរ។ ការចុះផ្សាយនោះបានបង្ហាញថា លោក Adam Castillejo ជាតំណាងឱ្យជំហានឆ្ពោះទៅរកវិធីព្យាបាលថ្មីមួយដែលល្អិតល្អន់។ ប៉ុន្តែទោះយ៉ាងណា ការព្យាបាលបែបនេះមិនអាចប្រើបានគ្រប់គ្នានោះទេ វាមានហានិភ័យ​ខ្ពស់ ហើយជាក់ស្ដែងអ្នកជំងឺទាំង ២ ដែលព្យាបាលជាសះស្បើយនេះ សុទ្ធតែជាប្រភេទអ្នកជំងឺអេដស៍ ដែលរងគ្រោះថ្នាក់ដល់ជីវិត និងមានជំងឺមហារីកកោសិកា (haematological malignancies) ផងដែរ។ ដោយហេតុថា លោក Castillejo ទើបតែជាអ្នកជំងឺទី២ ដែលទទួលការព្យាបាលដោយជោគជ័យ នៅក្នុងការសិក្សាដែលចុះផ្សាយនោះបានសម្គាល់ថា គាត់នឹងត្រូវការតាមដានបន្តទៀត ប៉ុន្តែមិនចាំបាច់មានការត្រួតពិនិត្យជាប្រចាំ ចំពោះលទ្ធភាពនៃវីរុសដែលអាចរើឡើងនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: