មន្រ្តីអន្តោប្រវេសន៍ថៃ ២នាក់ បានឆ្លងវីរុស COVID-19 ហើយពួកគេក៏ធ្លាប់បានចាប់កាន់លិខិតឆ្លងដែន និងបានប៉ះពាល់អ្នកដំណើរមុនពេលដែលរកឃើញថាឆ្លង
មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០០២នេះថា មន្ត្រីអន្តោប្រវេសន៍ថៃ ២នាក់ នៅឯព្រលានយន្តហោះដ៏សំខាន់របស់ទីក្រុងបាងកក បានឆ្លងវីរុស COVID-19 ហើយគាត់ក៏ប្រហែលជាបានចាប់កាន់លិខិតឆ្លងដែនរបស់អ្នកទេសចរផងដែរ។ បុរសទាំង ២នាក់ ដែលធ្វើការនៅអាកាសយានដ្ឋានសុវណ្ណភូមិ បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី៧ និង ទី៨ ខែមីនា ហើយបានទាក់ទងជាមួយអ្នកដំណើរជាច្រើននាក់ មុនពេលធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងវីរុស។ មន្រ្តីម្នាក់ក្នុងចំណោមពួកគេក៏ស្ថិតក្នុងចំណោមក្រុមដែលដឹកនាំការតាមដានសុខភាពពលករថៃ ដែលត្រូវត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងទៀតផង។

លោក Sopon Iamsirithaworn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺបានមានប្រសាសន៍ថា៖“ពួកគេមិនបានធ្វើការនៅកន្លែងតែមួយទេ។ ពួកគេមានឱកាសទាក់ទងជាមួយជនបរទេស ឬប៉ះលិខិតឆ្លងដែនអ្នកដំណើរ”។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃក៏បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួននឹងផ្អាកការមកដល់ពីប្រទេសកូរ៉េខាងត្បូង ហុងកុង និងអ៊ីតាលី ទោះបីជាអ្នកដំណើរប្រទេសទាំងនេះអាចមកប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការ (visa-free) ក៏ដូចជាការមកដល់ពី ១៨ប្រទេសផ្សេងទៀត រួមមាន៖ ចិន និងឥណ្ឌា។ អ្នកទេសចរចេញពីតំបន់ដែលរងផលប៉ះពាល់ទាំងអស់ ត្រូវដាក់ពាក្យសុំទិដ្ឋាការនៅឯស្ថានទូតថៃប្រចាំប្រទេសរបស់ពួកគេ ហើយបង្ហាញសំបុត្រពេទ្យដែលបញ្ជាក់ថាពួកគេមានសុខភាពធម្មតា៕




អត្ថបទ៖ លីដា