សារព័ត៌មាន Reuters ៖ អ្នកនាំពាក្យប្រទេសចិនបាននិយាយថា “យោធាអាមេរិកប្រហែលជាអ្នកនាំយកវីរុសកូរ៉ូណាចូលទីក្រុងវូហាន”
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិកទំនងជាបាននាំយកវីរុសកូរ៉ូណា ចូលទីក្រុងវូហានរបស់ប្រទេសចិន ខណៈដែលកន្លងមកយើងឃើញថា ទីក្រុងប៉េកាំងតែងតែមានទំនាស់ជាមួយក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ កន្លងមកប្រទេសចិនត្រូវបានមន្រ្តីសហរដ្ឋអាមេរិកចោទប្រកាន់ថា មានប្រតិកម្មយឺតយ៉ាវចំពោះវីរុសកូរ៉ូណា ដែលវាបានផ្ទុះឡើងដំបូងនៅក្រុងវូហាន កាលពីចុងឆ្នាំ២០១៩ ហើយថាចិនធ្វេសប្រហែសចំពោះបញ្ហានេះ។

កាលពីថ្ងៃពុធកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Robert O’Brien បាននិយាយថា ល្បឿននៃការឆ្លើយតបរបស់ចិនចំពោះការលេចចេញនូវវីរុសកូរ៉ូណាមានការយឺតយ៉ាវ នៅពេលដែលចិនគួរតែអាចត្រៀមរៀបចំខ្លួនសម្រាប់ការទប់ទល់។ ក្រោយប្រទេសចិនបានឃើញការចោទប្រកាន់គ្មានមូលដ្ឋាននេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន ក៏បានតបទៅវិញនៅក្នុងបណ្ដាញសង្គម Twitter ថា មិនមែនចិនទេ គឺអាមេរិកទៅវិញទេដែលគ្មានតម្លាភាព។
លោក Zhao បានចោទសួរអាមេរិកថា៖ «តើអ្នកជំងឺកូរ៉ូណាដំបូងចាប់ផ្តើមនៅអាមេរិកនៅពេលណា? តើមានមនុស្សប៉ុន្មាននាក់ឆ្លងវីរុសនេះ? តើមន្ទីរពេទ្យដាក់អ្នកជំងឺមានឈ្មោះអ្វីខ្លះ? វាអាចជាកងទ័ពអាមេរិក ដែលបាននាំយកវីរុសរាតត្បាតនេះមកទីក្រុងវូហាន។ សូមឲ្យមានតម្លាភាព! បង្ហាញទិន្នន័យរបស់អ្នកជាសាធារណៈមក! សហរដ្ឋអាមេរិកជំពាក់យើងនូវការពន្យល់អំពីរឿងទាំងនោះ»។ ប៉ុន្តែយ៉ាងណាលោក Zhao មិនបានបង្ហាញភស្តុតាងណាមួយសម្រាប់ការលើកឡើងថា យោធាអាមេរិកអាចជាអ្នកនាំយកវីរុសកូរ៉ូណានោះចូលប្រទេសចិនឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Reuters