អត្រាលែងលះគ្នានៅប្រទេសចិនមានការកើនឡើងយ៉ាងគំហុក ក្រោយផ្ទុះវីរុស COVID-19
ចិន៖ Covid-19 ពិតជាឃោឃៅលើសពីអ្វីដែលលោកអ្នកគិត ព្រោះផលប៉ះពាល់នៃមេរោគមួយនេះបានលេចឡើងក្នុងរូបភាពថ្មីៗជាបន្តបន្ទាប់ ដែលរូបភាពខ្លះលោកអ្នកមិនធ្លាប់ស្មានដល់ឡើយ។ ផ្តើមដំបូង Covid-19 បានសម្លាប់មនុស្ស សម្លាប់សេដ្ឋកិច្ចនៃប្រទេសជាច្រើន សាលារៀននិងក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ ប្រជាពលរដ្ឋត្រូវហាមឃាត់មិនឲ្យចេញពីផ្ទះ កម្មវិធីកីឡាធំៗត្រូវបានផ្អាក ប្រទេសជាច្រើនត្រូវបង្ខំចិត្តបិទជើងហោះហើរឬបិទច្រកព្រំដែន បញ្ហាអសន្តិសុខសង្គមជាច្រើនបានកើតឡើងរួមទាំងករណីប្លន់ម៉ាស់ ទឹកលាងដៃ ឬក្រដាសអនាម័យទៀតផង។ នៅមិនទាន់អស់ទេនៅប្រទេសចិនឯនោះវិញគេបានរកឃើញបញ្ហាថ្មីមួយទៀត គឺវិបត្តិនៃមេរោគ Covid-19 បានកំពុងតែជំរុញឲ្យអាត្រានៃការលែងលះគ្នាក្នុងចំណោមប្តីប្រពន្ធជនជាតិចិនកើនឡើងយ៉ាងគំហុក។ បើតាមការសិក្សាបានរកឃើញថា ការបង្ខាំងពលរដ្ឋចិនឲ្យនៅតែក្នុងផ្ទះជាច្រើនខែមកនេះបានធ្វើឲ្យប្តីប្រពន្ធត្រូវនៅជិតគ្នាជាប្រចាំក្នុងទីកន្លែងដ៏តូចមួយហើយគួបផ្សំនឹងអារម្មណ៍ស្រ្តេសផង ប្តីប្រពន្ធមានទំនោរឈ្លោះគ្នាច្រើន និងសម្រេចចិត្តលែងលះគ្នាតែម្តង។

របាយការណ៍បានបង្ហាញថា គ្រាន់តែ ៣សប្តាហ៍ចុងក្រោយនេះ ករណីលែងលះនៅចិនមានរហូតដល់ ៣០០ ករណី ហើយថ្ងៃខ្លះមានករណីលែងលះរហូតដល់ ១៤ ករណីឯណោះត្រឹមតែមួយថ្ងៃ។ ជាដំណោះស្រាយជុំវិញករណីខាងលើនេះក្រុងខ្លះនៅក្នុងប្រទេសចិន សម្រេចពន្យាពេលដោះស្រាយបណ្ដឹងលែងលះ (ដោយគិតថាប្តីប្រពន្ធអាចត្រូវគ្នាវិញក្រោយពេលមេរោគ Covid-19 បានរលាយបាត់ទៅវិញ) ហើយក្រុងខ្លះវិញសម្រេចដោះស្រាយបណ្ដឹងលែងលះត្រឹមតែ ១០ ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ។ សូមរម្លឹកជូនថា កន្លងមកមានអ្នកជំនាញជាផ្នែកចិត្តវិទ្យាជាច្រើនបានលើកឡើងដូចៗគ្នាថា ចំណាត់ការបិទទីក្រុង និងបង្ខាំងមនុស្សមិនចេញពីផ្ទះ (បើគ្មានការចាំបាច់) របស់អាជ្ញាធរចិន ពិតជាបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្លាំងណាស់៕
អត្ថបទ៖ ភក្តី

