ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីថៃនិយាយថា បើវីរុសកូវីដ១៩ ឆ្លងឈានដល់ដំណាក់កាលទី៣ អាចនឹងឈានដល់ការបិទប្រទេសទាំងមូលតែម្តង

    BY autoadmin March 19, 2020
    នាយករដ្ឋមន្ត្រីថៃនិយាយថា បើវីរុសកូវីដ១៩ ឆ្លងឈានដល់ដំណាក់កាលទី៣ អាចនឹងឈានដល់ការបិទប្រទេសទាំងមូលតែម្តង

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា រដ្ឋាភិបាលនៃប្រទេសថៃបានត្រៀមខ្លួនរួចជាសម្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 ប្រសិនបើការរាតត្បាតនៃមេរោគមួយនេះបានវិវឌ្ឍន៍ទៅមុខមួយកម្រិតទៀត។ បើតាមលោកនាយករដ្ឋមន្ត្រីរូបនេះបានពន្យល់ថា ថៃបានបែងចែកទំហំនៃរាតត្បាតមេរោគ Covid-19 ជា ៣ដំណាក់កាល ដោយដំណាក់កាលទី ៣ ជាកម្រិតរីករាលដាលខ្លាំង បំផុតពោលគឺកម្រិតមានករណីឆ្លងក្នុងចំណោមប្រជាជននៅតាមសហគមន៍យ៉ាងឆាប់រហ័សបំផុត ហើយដំណាក់កាលទី៣នេះ អាចនឹងឈានដល់ការបិទប្រទេសទាំងមូលតែម្តង។

    យ៉ាងណាក្តី គិតមកទល់នឹងពេលនេះស្ថានភាពមេរោគ Covid-19 នៅក្នុងប្រទេសថៃ​នៅមិនទាន់ឈានដល់ដំណាក់កាលទី ៣នៅឡើយទេ គឺនៅត្រឹមដំណាក់កាលទី២ប៉ុណ្ណោះ។ លោក ប្រាយុទ្ធ ចាន់អូចា បានរម្លឹកថា កន្លងមករដ្ឋាភិបាលបានអនុវត្តនូវគោលការណ៍ជាច្រើនរួចមកហើយដើម្បីប្រឆាំងនឹងមេរោគ Covid-19 ដូចជាបិទជើងហោះទៅមកជាមួយប្រទេសមួយចំនួន ហាមមិនឲ្យពលរដ្ឋមានការជួបជុំដែលមានមនុស្សច្រើន ស្នើឲ្យក្លឹប បារ ឬកន្លែងកំសាន្តពេលរាត្រីមួយចំនួនត្រូវផ្អាកសកម្មភាពអាជីវកម្មមួយរយៈសិន ចំពោះអ្នកដែលមានការសង្ស័យខ្ពស់ថាមានមេរោគអាចទៅធ្វើតេស្តបានដោយមិនគិតថ្លៃ (រដ្ឋជាអ្នកចេញជំនួស) ហើយរដ្ឋាភិបាលថៃបានដើរយ៉ាងសំខាន់ក្នុងការគ្រប់គ្រងតម្លៃនិងការចែកចាយម៉ាស់ ឬទឹកលាដៃជាដើម។

    បើទោះជាយ៉ាងនេះក៏ដោយ ប្រមុខដឹកនាំថៃបានបន្ថែមទៀតថា ថៃបានត្រៀមមន្ទីរពេទ្យពិសេសជាច្រើនកន្លែងសម្រាប់ដាក់តែអ្នកឆ្លងមេរោគ Covid-19 សុទ្ធ និងត្រៀមអនុវត្តគោលការណ៍អនុគ្រោះឲ្យអ្នកឆ្លងមេរោគ Covid-19 អាចព្យាបាលនៅមន្ទីរពេទ្យមួយណាក៏បាន ដែលនៅជិតពួកគាត់បំផុតដោយមិនគិតថ្លៃ (រដ្ឋជាអ្នកចេញជំនួស) ក្នុងរយៈពេល ៣ថ្ងៃដំបូង (មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យពិសេស) ដែលយន្តការទាំងនេះនឹងត្រូវគេអនុវត្តភ្លាមប្រសិនការរាតត្បាតនៃ Covid-19 បានឈានដល់ដំណាក់កាលទី ៣។

    លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ថៃបានត្រៀមថវិកាប្រមាណជា ៩៦ ពាន់លានបាត (ជាង ៣ពាន់លានដុល្លារ) ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 ហើយថៃនឹងប្រើប្រាស់គ្រប់ធនធានទាំងអស់ក្នុងយុទ្ធនាការមួយនេះ ដើម្បីធានាឲ្យបាននូវសេចក្តីសុខនិងសុវត្ថិភាពរបស់ប្រជាជាតិទាំងមូលផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ១១៤ ករណី និងស្លាប់ ១ករណីផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ bangkokpost

    Share This Post: