ហ្វីលីពីនមានការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី H5N6 ដែលធ្វើឱ្យបក្សី ១២,០០០ក្បាល ត្រូវគេសម្លាប់ចោលដើម្បីកុំឱ្យឆ្លងរាលដាល
ហ្វីលីពីនបានរកឃើញមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី នៅក្នុងខេត្តមួយនៅភាគខាងជើងរបស់ខ្លួន បន្ទាប់ពីការធ្វើតេស្តបានបង្ហាញពីវត្តមាននៃវីរុសផ្តាសាយបក្សី H5N6 នៅក្នុងកសិដ្ឋានចិញ្ចឹមបសុបក្សីមួយកន្លែង។ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក William Dar បាននិយាយថា វីរុសផ្តាសាយបក្សីដែលពីមុនមកក៏ធ្លាប់បានវាយប្រហារកសិដ្ឋានបសុបក្សីក្នុងប្រទេសនេះកាលពីឆ្នាំ២០១៧ ត្រូវបានគេរកឃើញជាថ្មីនៅក្នុងក្រុង Jaen ក្នុងខេត្ត Nueva Ecija ដោយធ្វើឱ្យបក្សីចំនួន ១,៥០០ក្បាល បានងាប់។

លោក William Dar បាននិយាយថា ពេលនេះបក្សីសរុបចំនួន ១២,០០០ ត្រូវបានបំផ្លាញ និងកប់ដើម្បីការពារការឆ្លងបន្ថែមទៀត។ លោកបានមានប្រសាសន៍ថា៖ “យើងស្ថិតនៅក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់។ ការឃ្លាំមើលនៅជុំវិញរង្វង់ចម្ងាយ ១គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ នឹងត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីធានាថាជំងឺនេះមិនមានការរីករាលដាលនៅជុំវិញបរិវេណនោះទេ”។ លោកបាននិយាយថាប៉ុស្តិ៍ត្រួតពិនិត្យដាច់ដោយឡែកសម្រាប់សត្វត្រូវបានបង្កើតឡើង ដើម្បីរឹតត្បិតចលនារបស់បក្សីក្នុងស្រុកទាំងអស់ទាំងទៅ និងមក ពីតំបន់ដាច់ឆ្ងាយ។ លោក Dar បានបញ្ជាក់ថា ខណៈពេលនេះវាជាករណីតែមួយ ដែលបានប៉ះពាល់ដល់កសិដ្ឋានសត្វក្រួចមួយកន្លែងប៉ុណ្ណោះ៕



អត្ថបទ៖ លីដា