អ៉ីរ៉ង់ព្រមានថា ប្រជាជនខ្លួនរាប់លាននាក់អាចស្លាប់ដោយសារវីរុសកូវីដ១៩ ប្រសិនបើពួកគេចចេសមិនស្ដាប់តាមការណែនាំ
ប្រទេសអ៉ីរ៉ង់បានចេញសេចក្តីព្រមានធ្ងន់ៗរបស់ខ្លួនកាលពីថ្ងៃអង្គារ អំពីការឆ្លងវីរុស កូវីដ-១៩ ដែលកំពុងឆ្លងរាលដាលពេញប្រទេស ដោយបានលើកឡើងថា «មនុស្សរាប់លាននាក់» អាចនឹងស្លាប់នៅក្នុងសាធារណរដ្ឋអ៉ីស្លាមមួយនេះ ប្រសិនបើប្រជាជនបន្តធ្វើដំណើរ និងមិនអើពើនឹងការណែនាំសុខភាព។ អ្នកកាសែតទូរទស្សន៍រដ្ឋម្នាក់ដែលមានមុខងារជាវេជ្ជបណ្ឌិតផងដែរនោះ បានផ្តល់ការព្រមាននេះត្រឹមប៉ុន្មានម៉ោង បន្ទាប់ពីក្រុមនិកាយស៊ីអ៉ីត (Shiite) នៅយប់ថ្ងៃច័ន្ទ បានទៅកាន់ទីធ្លានៃទីសក្ការៈបូជាធំៗចំនួន២ ដើម្បីធ្វើការបួងសួងពីខាងក្រៅ ទាំងដែលទីសក្ការៈទាំងនោះត្រូវបានបិទទ្វារក៏ដោយ។

គិតមកទល់ពេលនេះ ប្រហែលជា ៩នាក់ ក្នុងចំណោម ១០នាក់ នៅក្នុងចំណោមករណីដែលបានបញ្ជាក់ចំនួន ១៨,០០០ នៅមជ្ឈឹមបូព៌ាគឺមកពីប្រទេសអ៉ីរ៉ង់ ដែលដំបូងឡើយអាជ្ញាធរបានបដិសេធ ចំពោះហានិភ័យនៃការផ្ទុះឡើង។ ពេលនេះក្រុមមន្រ្តីអ៉ីរ៉ង់បានអនុវត្តការត្រួតពិនិត្យថ្មីៗ សម្រាប់ប្រជាជនដែលព្យាយាមចាកចេញពីទីក្រុងធំៗ មុនថ្ងៃចូលឆ្នាំថ្មី Nowruz ដែលនឹងមកដល់នៅថ្ងៃសុក្រនេះ ប៉ុន្តែបានស្ទាក់ស្ទើរក្នុងការចាត់វិធានការធ្វើចត្តាឡីស័កនៅឡើយ។
ជុំវិញការព្រួយបារម្ភចំពោះ កូវីដ-១៩ មេដឹកនាំជាន់ខ្ពស់ Ayatollah Ali Khamenei ក៏បានចេញសេចក្តីសម្រេចហាមឃាត់ការធ្វើដំណើរដែលមិនចាំបាច់ផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ Associated Press