អង់គ្លេសណែនាំឲ្យអ្នកមានជំងឺហឺត និងផ្ដាសាយនៅក្នុងផ្ទះ កុំចេញក្រៅ ព្រោះមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩
អង់គ្លេស៖ ដើម្បីទប់ស្កាត់ការរីករាលនៃមេរោគកូវីដ ១៩ ដែលបានចម្លងនិងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅជុំវិញពិភពលោកនោះ អាជ្ញាធរសុខាភិបាលនៃចក្រភពអង់គ្លេសបានណែនាំកុំឲ្យមានជំងឺហឺត និងជំងឺផ្តាសាយ ចេញដើរហើរខាងក្រៅ ដោយសារតែវាមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ១៩ ហើយអង់គ្លេសក៏បានដាក់ចេញនូវវិធានការថ្មីអនុញ្ញាតឲ្យពលរដ្ឋខ្លួន ដែលមានជំងឺផ្ដាសាយ និងជំងឺហឺតអាចមកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋបានដោយមិនគិតថ្លៃនោះទេ។ បើតាមលោក Jonathan Van-Tam អនុប្រធានមន្ទីរ វេជ្ជសាស្ត្រជាតិអង់គ្លេសបានពន្យល់ថា ក្រុមមនុស្សដែលមានជំងឺទាក់ទងនឹងបញ្ហាផ្លូវដង្ហើម ឬមានបញ្ហាខ្សោយសួតជាដើមគឺមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងមេរោគកូវីដ ១៩ ដូចនេះហើយទើបការព្យាបាលបញ្ហាសុខភាពរបស់ពួកគេឲ្យជាសះស្បើយជាចំណែកមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ។

បើតាមលោក Jonathan Van-Tam បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋអង់គ្លេសដែលកំពុងស្ថិតក្នុងស្ថានភាពបានរៀបរាប់ខាងលើនេះ មានចំនួនរាប់លាននាក់ឯណោះ។ បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានត្រៀមថវិកាយ៉ាងច្រើនរួចហើយ ដើម្បីទូទាត់រាល់ការចំណាយផ្សេងៗលើសេវាវេជ្ជសាស្រ្តក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អង់គ្លេសមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៥,៦៨៣ ករណី និងអ្នកស្លាប់ចំនួន ២៨១ ករណីផងដែរ៕
លោក Jonathan Van-Tam
អត្ថបទ៖ ភក្តី
