ពិធីករថៃនេះ និយាយមើលងាយឡាវថា មិនមែនឡាវគ្មានអ្នកផ្ទុកកូវីដ១៩ ទេ មកពីគ្មានបច្ចេកវិទ្យាច្បាស់លាស់ដើម្បីពិនិត្យរកវីរុសកូវីដ-១៩ ចុងក្រោយទៅអោនសុំទោសមន្ត្រីឡាវដល់កន្លែង
ថ្មីៗនេះពិធីករប៉ុស្តិ៍ថៃ One31 ម្នាក់ឈ្មោះ Thema Kanchanapairin បានធ្វើការវាយប្រហារប្រទេសចំនួន ២ ជុំវិញករណីនៃការឆ្លងវីរុស COVID-19 ហើយក្រោយមកក៏ត្រូវទៅសុំទោសមន្ត្រីឡាវ ប៉ុន្តែវាមិនច្បាស់ទេថាសុំទោសនៅប្រទេសឡាវ ឬត្រឹមស្ថានទូតឡាវ។ នៅក្នុងបទបង្ហាញសេចក្តីប្រកាសដំណឹងមួយរបស់ខ្លួន ពិធីករប៉ុស្តិ៍ One31 រូបនេះបាននិយាយថា មានបណ្តាប្រទេសចំនួន ២ មិនមានអ្នកឆ្លងវីរុស COVID-19 នោះទេ រួមមានប្រទេសមីយ៉ាន់ម៉ា និងឡាវ ប៉ុន្តែយ៉ាងណាខ្លួនមិនជឿទេ ព្រោះប្រទេសទាំងនេះគ្មានបច្ចេកវិទ្យា បន្ទប់ពិសោធន៍គ្រប់គ្រាន់ ដើម្បីអាចរកឃើញវីរុសនេះទេ! ដែលសម្ដីនេះបានបង្កជាកំហឹងចំពោះប្រទេសឡាវយ៉ាងខ្លាំង ដោយសារនេះជាការមើលងាយមកលើពួកគេ។

យ៉ាងណាក៏ដោយនៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ ផេកហ្វេសប៊ុករបស់ប៉ុស្តិ៍ឡាវ Lao Youth Radio បានបង្ហោះរូបមួយចំនួន ដែលបង្ហាញថាជន Thema Kanchanapairin នេះរួមទាំងក្រុមការងាររបស់ខ្លួន បានមកការិយាល័យរបស់មន្ត្រីឡាវ និងធ្វើការសុំទោសមន្ដ្រីឡាវដោយផ្ទាល់។ ម៉្យាងវិញទៀតបើនិយាយរឿងបំពានប្រទេសដទៃ ប៉ុស្តិ៍ថៃ One31 នេះផ្ទាល់នៅប៉ុន្មានរយៈមុន ក៏ធ្លាប់បានប៉ះពាល់ដល់សែរាជវង្សប្រទេសកម្ពុជាផងដែរ ដោយនៅក្នុងរឿង «អសិរពិស» របស់ខ្លួនបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត។ ក្រោយមកទៀតប៉ុស្តិ៍ខ្លួនក៏បានសរសេរសារសុំទោសផងដែរ ប៉ុន្តែមិនទាន់មានវត្តមានមកសុំទោសសែរាជវង្សកម្ពុជាដល់ប្រទេសនៅឡើយទេ៕





អត្ថបទ៖ លីដា