វេជ្ជបណ្ឌិតឈានមុខរបស់ទីក្រុងប៉េកាំងបានព្រមានថា វីរុសកូវីដ១៩អាចនឹងផ្ទុះឡើងវិញជាថ្មីម្តងទៀតនៅក្នុងប្រទេសចិន
ចិន៖ វេជ្ជបណ្ឌិតឈានមុខជំនាញផ្នែកមេរោគកូវីដ ១៩ ជនជាតិចិនម្នាក់បានព្រមានថា មេរោគកូវីដ១៩ អាចនឹងរាតត្បាតជាថ្មីឡើងវិញម្តងទៀតនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail។ លោកស្រីវេជ្ជបណ្ឌិត និងជាសាស្រ្តាចារ្យផង ដែលហ៊ានទាញសញ្ញាអាសន្នមុនគេរូបនេះមានឈ្មោះថា Li Lanjuan អាយុ ៧៣ឆ្នាំហើយរូបគាត់ជាសមាជិកម្នាក់ក្នុងចំណោមអ្នកឯកទេសផ្នែកមេរោគឆ្លងប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន។ ការព្រមានរបស់លោកស្រី វេជ្ជបណ្ឌិត Li Lanjuan បានធ្វើឡើងក្រោយពេលដែលមានបុរសជនជាតិចិនម្នាក់បានឆ្លងមេរោគកូវីដ ១៩ ពីអ្នកដំណើរម្នាក់ដែលទើបត្រលប់មកពីប្រទេសតួគីវិញ។

សូមបញ្ជាក់ថា ចិនលែងមានករណីចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ជាច្រើនថ្ងៃមកហើយ តែករណីនាំចូលមេរោគពីក្រៅប្រទេសនៅតែបន្តកើតមានក្នុងប្រទេសចិនតាមរយៈអ្នកដំណើរ ដែលមកពីប្រទេសផ្សេងៗជាច្រើននៅជុំវិញពិភពលោក។ សូមបញ្ជាក់ថា ២ថ្ងៃចុងក្រោយនេះចិនមានអ្នកឆ្លងមេរោគថ្មីជាង ១០០ ករណីបន្ថែមទៀត ហើយស្ទើរតែ ៩៩% នៃករណីឆ្លងទាំងនោះសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ DailyMail


