រដ្ឋាភិបាលប្រទេសថៃប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដោយសារតែវីរុសកូវីដ-១៩
នាយករដ្ឋមន្រ្តី Prayut Chan-ocha បាននិយាយថា ក្រឹត្យគ្រាអាសន្នមួយ រួមជាមួយវិធានការណ៍រឹតបណ្តឹងថ្មីជាច្រើន នឹងត្រូវចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍លោកនាយករដ្ឋមន្ត្រីបាននិយាយថា ការអនុម័តព្រះរាជក្រឹត្យ ឆ្នាំ២០០៥ ស្តីពីស្ថានភាពបន្ទាន់ (2005 Royal Decree of Emergency Situations) គឺជាការចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដែលសព្វថ្ងៃខ្លួនបានកត់ត្រាការស្លាប់ចំនួន ៤នាក់ មកហើយ។

លោក Prayut Chan-ocha បានមានប្រសាសន៍ថា យោងតាមក្រឹត្យនេះនាយករដ្ឋមន្រ្តីនឹងមានសិទ្ធិអំណាចក្នុងការអនុវត្តគោលនយោបាយ ដែលបានរៀបចំឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត តាមរយៈមជ្ឈមណ្ឌលដោះស្រាយស្ថានភាពអាសន្ន។ មជ្ឈមណ្ឌលនឹងជួបប្រជុំជារៀងរាល់ថ្ងៃនៅម៉ោង ៩ និង ៣០ នាទីព្រឹក ដើម្បីតាមដានការរាលដាល និងចាត់វិធានការចាំបាច់។
លោកបាននិយាយថា វិធានការណ៍ជាក់លាក់ទាក់ទងនឹងសាធារណជននឹងត្រូវបានលម្អិតនៅថ្ងៃក្រោយ ទោះបីជាក្រឹត្យបន្ទាន់អាចផ្តល់អំណាចដល់អាជ្ញាធរ ដើម្បីដាក់បម្រាមគោចរហាមឃាត់ការធ្វើដំណើរ និងបិទអគារ ប្រសិនបើយល់ថាចាំបាច់ក៏ដោយ។ មន្ត្រីសន្តិសុខក៏នឹងមានអំណាចក្នុងការត្រួតពិនិត្យ និងបិទប្រព័ន្ធផ្សព្វផ្សាយប្រសិនបើចាំបាច់។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ស្ថានភាពបន្ទាន់នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី៣០ ខែមេសា៕


អត្ថបទ៖ លីដា
ប្រភព៖ khaosodenglish