ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋថៃមួយចំនួនកំពុងស្រែកឲ្យរដ្ឋាភិបាលជួយ ក្រោយជួបប្រទះបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩

    BY autoadmin March 27, 2020
    ពលរដ្ឋថៃមួយចំនួនកំពុងស្រែកឲ្យរដ្ឋាភិបាលជួយ ក្រោយជួបប្រទះបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩

    ថៃ៖ កូវីដ ១៩ មិនត្រឹមតែបានគំរាមគំហែងដល់សុខភាពប្រជាពលរដ្ឋនៅជុំវិញពិភពលោកនោះទេ តែមេរោគមួយនេះក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងបណ្តាប្រទេសជាច្រើនផងដែរ គ្រាន់តែថាទំហំនៃការប៉ះពាល់សេដ្ឋកិច្ចមានកម្រិតផ្សេងៗគ្នា។ បើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkokpost បានឲ្យដឹងថា ក្រោយរដ្ឋាភិបាលថៃបានសម្រេចបិទច្រកព្រំដែនថៃ-ឡាវនៅក្នុងខេត្ត Nakhon Phanom ភាគខាងជើងប្រទេសថៃរួចមក ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តមួយនេះហាក់ជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងរហូតដល់ក្រុមប្រជាពលរដ្ឋទាំងនោះស្រែករកជំនួយពីរដ្ឋាភិបាលទៀតផង។

    តាមប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋដែលកំពុងតែជួបវិបត្តិសេដ្ឋកិច្ចនោះគឺជាក្រុមអ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នកលក់ចំណីអាហារលក្ខណៈតូចតាច និងក្រុមកម្មករដែលធ្វើការដោយផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃ ឬខែតិចតួច។ តាមការសិក្សាបានបង្ហាញថា កន្លងមកក្រុមពលរដ្ឋទាំងនោះអាចរកប្រាក់បានជាមធ្យមចន្លោះពី ៥០០-៦០០ បាត (១៥,២២-១៨,២៦ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ តែក្នុងអំឡុងពេលនេះប្រាក់ចំណូលរបស់ពួកគាត់បានធ្លាប់ចុះសល់ត្រឹមតែ ១០០-២០០ បាត (៣-៦ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ចំណូលដ៏តិចតួចនេះ ពួកគាត់មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានឡើយ ទើបពួកគាត់សម្រេចស្នើសុំឲ្យរដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ហានេះ។ បើតាមរដ្ឋាភិបាលថៃច្រកព្រំដែនខាងលើនេះអាចបន្តបិទជាច្រើនខែទៅមុខទៀត ទម្រាំតែបញ្ហានៃមេរោគកូវីដបានធូរស្រាលបន្តិច។ សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះថៃមានចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៨២៧ នាក់ និងស្លាប់ ១០៦ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: