អន្តរជាតិ

ក្រចកវែងពេកអាចជាផ្នែកមួយនៃការរីករាលដាលវីរុសកូវីដ១៩ ព្រោះមេរោគអាចនៅពីក្រោមក្រចកដែលយើងមិនអាចលាងដល់

BY
autoadmin
March 27, 2020

គិលានុប្បដ្ឋាយិកាម្នាក់បានព្រមានថា ក្រចកវែងអាចជាផ្នែកមួយនៃការរីករាលដាលលឿនបំផុតនៃមេរោគកូរ៉ូណា ព្រោះវាអាចបង្កប់ មេរោគ(germ) បាក់តេរី និងសូម្បីតែវីរុសនៅពីក្រោមក្រចក។ បុគ្គលិកសុខាភិបាលអូស្រ្តាលីបានសរសេរថា ការអនុវត្តល្អបំផុតគឺរក្សាក្រចកឱ្យខ្លី។ ដើម្បីសាកល្បងថាក្រចករបស់អ្នកខ្លីល្មមឬនៅ សូមចុចចុងម្រាមដៃរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាប៉ះតែក្រចក និងមិនបានប៉ះសាច់ចុងម្រាមដៃទេ អ្នកប្រហែលជាត្រូវតម្រឹមក្រចកនោះហើយ ដើម្បីចៀសវាងមេរោគអាចលាក់ខ្លួននៅពីក្រោមក្រចក ដែលយើងសម្អាតមិនដល់។

នាងបានសរសេរនៅលើហ្វេសប៊ុកថា៖«ក្នុងចំណោមការណែនាំអំពីការលាងដៃ និងការផ្តល់យោបល់លាងដៃឱ្យបាន ២០វិនាទី ខ្ញុំមិនដែលឃើញនរណាម្នាក់កត់សម្គាល់ថា មិនអាចលាងដៃរបស់អ្នកបានត្រឹមត្រូវទេ ប្រសិនបើក្រចកដៃរបស់អ្នកវែង»។ គាត់បន្ថែមថាបើក្រចកដៃវែងពេក ការលាងសម្អាតក៏មិនបានស្អាតល្អនោះដែរ ដូច្នេះត្រូវកាត់ ហើយតម្រឹមវាចេញ។ ម៉្យាងទៀតមានក្រចកវែងគឺគ្រោះថ្នាក់ណាស់ ពិសេសសម្រាប់អ្នកមានទម្លាប់ខាំក្រចកខ្លួនឯង ដែលទាំងនេះសុទ្ធតែជាហានិភ័យអាចចម្លងរោគបាន។ ថ្វីបើគ្រប់គ្នាភាគច្រើនឧស្សាហ៍ប្រើជែលលាងដៃជាប្រចាំ ប៉ុន្តែវាមិនអាចលាងដល់ក្នុងក្រចកបានទេ បើវាវែងពេកនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Metro

Share This Post: